វិធី​សម្រកទម្ងន់​ក្រោយពេល​សម្រាល​យ៉ាង​មាន​សុវត្ថិភាព និង​ទទួលបាន​លទ្ធផល​ល្អ

0
1

បន្ទាប់ពី​សម្រាល​កន្លងផុតទៅ​យ៉ាង​ល្អប្រសើរ​ហើយ​នោះ បញ្ហា​ដែល​អ្នក​ម្ដាយ​ច្រើនតែ​កង្វល់​ចិត្តនោះ គឺ​រឿង​រូបរាង​ ជាពិសេស​អ្នក​ម្ដាយ​ណាដែល​ពូកែ​ញ៉ាំ​ក្នុងអំឡុងពេល​តាំង​គភ៌​ផង​នោះ គឺ​រឹតតែ​មានឱកាស​ក្នុង​ការកើត​ដុំ​ខ្លាញ់​នៅតាម​ផ្នែកផ្សេងៗរបស់​រាងកាយ ​នៅ​សេសសល់​ក្រោយពី​ការសម្រាល ដែលនាំឱ្យ​បាត់បង់ភាពទាក់ទាញ ហើយ​ក៏​មិនដឹងថា ​នឹង​សម្រក​ទម្ងន់​​យ៉ាងម៉េចដែរ។ ញ៉ាំ​ថ្នាំ​សម្រក​ទម្ងន់ តើ​ល្អ​ដែរ​ទេ? តើ​ញ៉ាំ​ហើយនឹង​ហុច​ផល​យ៉ាងណា​ខ្លះទៅ? ថ្ងៃនេះ យើងសូមបង្ហាញពីវធីសម្រក​ទម្ងន់​ក្រោយពេល​សម្រាល ​ដែល​ទទួលបាន​ផល​ល្អ​បំផុត និង​មិនមាន​សុវត្ថិភាពចំពោះអ្នកម្តាយ។

 

១.បំបៅ​ដោះ​កូន

នេះជា​វិធី​ដែល​ងាយ​ និង​ល្អ​បំផុត​ទាំង​ចំពោះ​ខ្លួន​អ្នក​ម្ដាយ និង​កូនតូច។ ហេតុដែល​ការ​បំបៅ​ដោះ​កូន ​អាច​សម្រកទម្ងន់​បាន​នោះ គឺ​ដោយសារតែ​ក្នុងដំណាក់កាល​សាង​ទឹកដោះ​នឹងមាន​ការទាញយក​ជាតិ​ខ្លាញ់​ក្នុង​ផ្នែកផ្សេងៗរបស់​រាងកាយ​ម្ដា​យ មក​ប្រើ​ធ្វើជា​ចំណែក​ផ្សំ​ចម្បង ទើប​ធ្វើឱ្យ​ទម្ងន់​ខ្លួន​របស់​ម្ដាយ ​អាច​ស្រក​ចុះ​បាន​យ៉ាង​ងាយ។ ចំណែកឯ​កូនតូច​វិញ ​ក៏​នឹង​បានទទួល​បានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះ និងមានភាពស៊ាំរឹងមាំផងដែរ។

២.ហាត់ប្រាណ

គ្មាន​វិធី​ណា​ដែល​នឹង​ជួយ​បញ្ចុះទម្ងន់​បានល្អ​ស្មើនឹង​ការហាត់​ប្រាណ​ទៀត​ទេ។ ទោះបីអ្នកម្តាយ​ទើបតែ​សម្រាល និង​រាងកាយ​នៅ​មិនទាន់​ស្រួលបួល​ប៉ុន្មាន​ក៏ដោយ ក៏​អាច​ចាប់ផ្ដើម​ដោយ​ការហាត់​ប្រាណតិចៗ ស្រាលៗដូចជា ធ្វើ​ការងារ​ផ្ទះ ការដើរ​ហាត់ប្រាណ និង​ហ្វឹក​យ៉ូ​ហ្គាជាដើម។

៣.ចៀសវាង​អាហារ​ដែលមាន​ខ្លាញ់ និង​អាហារ​ដែល​គ្មាន​ប្រយោជន៍

អ្នក​ម្ដាយ​មួយចំនួន នៅពេល​សម្រាល​ហើយក៏​ប្រញាប់​ទទួលទាន​អាហារច្រើនៗប្រភេទ​ដែល​ខ្លួន​ចង់​ញ៉ាំ​ ដោយ​មិនបាន​ចាប់អារម្មណ៍​ពី​បរិមាណ​ជាតិ​ខ្លាញ់ និង​កាឡូរី​ដែល​ខ្លួន​បានទទួល​បានឡើយ ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែល​ទម្ងន់របស់អ្នកម្តាយ​មិន​ព្រម​ស្រក​ចុះ​។

អ្នក​ម្ដាយ​ថ្មោងថ្មី ​ដែល​កំពុង​ស្វែងរក​វិធី​សម្រកទម្ងន់ ​ក្រោយពេល​សម្រាល ក៏​អាច​នាំយក​វិធីផ្សេងៗដែល​ បានបង្ហាញពីខាងលើ។ ប៉ុន្តែហាម​ទិញ​ថ្នាំ​សម្រកទម្ងន់មក​ទទួលទាន​ដោយ​ខ្លួនឯង​ដាច់ខាត ព្រោះ​អាច​ហុច​ផល​ឱ្យ​កើតមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ​ទាំង​​​ខ្លួនឯង និង​កូនតូច​បាន។

ហេតុអ្វី​ក្រោយពេលសម្រាល អ្នកម្តាយមិនគួរ​លេប​ថ្នាំសម្រកទម្ងន់?

អ្នក​ម្ដាយ​ថ្មោងថ្មី ប្រហែល​ជាមាន​អារម្មណ៍​មិន​ចូលចិត្ត​រូបរាង​របស់ខ្លួន​ ក្រោយពេល​សម្រាល​ប៉ុន្មាន​ទេ។ អ្នកខ្លះ​ក៏​ខ្លាច​ថា ប្ដី​នឹង​លែង​ស្រឡាញ់ ហើយ​លួច​ទៅ​មាន​ស្រី​ថ្មី ទើប​បណ្តោលចិត្តឲ្យ​ទៅ​ទិញ​ថ្នាំសម្រកទម្ងន់មក​ទទួលទាន ដើម្បី​ឱ្យមាន​រូបរាង​ស្វែ​ល​ស្អាត ​ដូច​កាលពី​មុនពេល​មានគភ៌​ជាថ្មី​ម្ដងទៀត។ តែ​ពេល​ញ៉ាំ​ចូលទៅ​ហើយ ភាគច្រើន​នឹងមាន​អារម្មណ៍​ថា ញ័រ​ដើមទ្រូង វិលមុខ គេង​មិន​លក់ អ្នកខ្លះ​អាច​ដល់​ថ្នាក់​គាំង​បាត់ស្មារតី​តែម្ដង​ក៏មាន។

បើសិន​មានការ​បំបៅ​ដោះ​កូន​ផង​នោះ ក៏មាន​ឱកាស​ដែល​ឥទ្ធិពល​ថ្នាំ​ប្រភេទ​ខ្លះ​នឹង​ទៅ​ប៉ះពាល់​ដល់​ទារក​ដូចគ្នា និង​អាច​ហុច​ផល​ឱ្យ​កើតមាន​ភាពខុសប្រក្រតី​នៅលើ​កូនតូច​បាន​ទៀតផង។ ដូច្នេះ​ទើប​មិនគួរ​ទិញ​ថ្នាំ​សម្រក​ទម្ងន់​មក​ទទួលទាន​ដោយ​ខ្លួនឯង​ជាដាច់ខាត មិន​ថា​មាន​សេចក្ដីត្រូវការ​ក្នុងការ​សម្រកទម្ងន់​ក្រោយពេល​សម្រាលខ្លាំង​ប៉ុនណា​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here