ការក្លាយជាឪពុកម្តាយរបស់គេ មិនមែនជាកិច្ចការងាយស្រួលនោះទេ ជាពិសេសសម្រាប់អ្នកទើបក្លាយទៅជាឪពុកម្តាយគេថ្មោងថ្មី។ ទោះបីជាអ្នកបានត្រៀមខ្លួនយ៉ាងល្អ តាមរយៈការមើលពត៌មានផ្សេងៗអំពីរបៀបចិញ្ចឹមកូន ឬមានការផ្តល់យោបល់ពីអ្នកមានបទពិសោធន៍ក៏ដោយ ក៏អ្នកអាចនៅតែជួបនឹងបញ្ហា។ នេះដោយសារតែការចិញ្ចឹមបីបាច់កូនម្នាក់ៗមានភាពខុសប្លែកពីគ្នា ដូចជារបៀបរស់នៅ ទម្លាប់ប្រចាំថ្ងៃ និងការអភិវឌ្ឍរាងកាយរបស់កុមារជាដើម។ ដូច្នេះថ្ងៃនេះ babyandmom និងធ្វើការបង្ហាញពីគន្លឹះសំខាន់ៗ៤ចំណុច ដែលឪពុកម្តាយគួរតែធ្វើចំពោះកូន។
១.ធ្វើជាគំរូល្អដល់កូនៗ
មុនពេលអ្នកកំណត់ច្បាប់ណាមួយមកលើកូន អ្នកគួរតែអនុវត្តខ្លួនឯងឲ្យបានជាមុនសិន។ ជាពិសេសត្រូវអនុវត្តទង្វើល្អៗឲ្យកូនមើល និងបន្តធ្វើរហូតវាក្លាយជាទម្លាប់ប្រចាំថ្ងៃ។
២.យកចិត្តទុកដាក់ចំពោះសុខភាពកូន
សុខភាពកូនរបស់អ្នក គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរាងកាយ ដូច្នេះឪពុកម្តាយគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហានេះ។ ការថែរក្សាសុខភាពបានល្អ ដំណាក់កាលលូតលាស់របស់កូននឹងមានដំណើរការបានយ៉ាងរលូន ជាពិសេសទាក់ទងទៅនឹងបរិស្ថានសុខុមាលភាពម្ហូបអាហារ និងការផ្គត់ផ្គងដល់កូនៗ។ ប្រសិនបើជាអាច សូមលើកទឹកចិត្តឲ្យពួកគេធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពល្អ និងកម្លាំងមាំមួន។
៣.និយាយថាទេ គឺទេ
មិនថាអ្នកមិនចង់ឲ្យកូនធ្វើរឿងអ្វីនោះទេ ប្រសិនបើអ្នកសម្រេចចិត្តថាទេ គឺទេ ដូចជាកុំញ៉ាំស្ករគ្រាប់ កុំលេងដី ឬប្រើពាក្យមិនល្អ។ល។ យើងដឹងហើយថា ទង្វើមួយចំនួនអាចបង្កផលមិនល្អចំពោះសុខភាពកូន ដូច្នេះមានតែភាពម៉ឺងម៉ាត់ទេ ដែលជាវិន័យធ្វើឲ្យកូនស្តាប់តាមបង្គាប់របស់អ្នក។ ប៉ុន្តែកុំប្រើអំពើហឹង្សា ព្រោះវាអាចធ្វើឲ្យកូនរបស់មានអារម្មណ៍ភ័យខ្លាច។
៤.ចំណាយពេលច្រើនជាមួយកូន
សម្រាប់កូនគ្មានអ្វីអាចធ្វើឲ្យពួកគេសប្បាយចិត្តជានៅជាមួយឪពុកម្តាយនោះឡើយ។ ហេតុនេះឪពុកម្តាយគួរតែរកពេលទំនេរខ្លះ ដើម្បីនៅជាមួយកូនក្នុងអំឡុងពេលធ្វើសកម្មភាពសប្បាយៗ។ ប្រសិនបើមានពេលឈប់សម្រាកជាប់ៗគ្នាយូរ ឬមានបុណ្យទានដែលត្រូវឈប់សម្រាកពីការងារ អ្នកអាចនាំកូនទៅលេងនៅខេត្ត ឬផ្ទះសាច់ញាតិ គឺកាន់តែល្អ៕