រឿង៥យ៉ាង ហាមធ្វើចំពោះកូនខ្លួនឯងឲ្យសោះ!

0
1

ការអប់រំកូន មិនមែនមានភាពងាយស្រួលដូចអ្វីដែលឪពុកម្តាយមួយចំនួនបានគិតនោះឡើយ ជាពិសេសសម្រាប់អ្នកដែលមិនទាន់មានបទពិសោធន៍តែម្តង។​ ត្រូវចាំថា ការចិញ្ចឹម និងអប់រំក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា អាស្រ័យទៅតាមបរិស្ថានក្នុងការរស់នៅផ្ទាល់តែម្តង។ ដូច្នេះការចិញ្ចឹមកូនតាមរបៀបត្រឹមត្រូវ ឪពុកម្តាយគួរតែហាមធ្វើរឿង ៥យ៉ាងនេះឲ្យសោះ។

១.តឹងរឹងពេកចំពោះកូន

ភាពតឹងរឹងហួសហេតុពេក អាចធ្វើឲ្យប៉ះពាល់ដល់កូន ជាពិសេសឪពុកម្តាយដែលតែងតែ ផ្តល់នូវគំនិត អាកប្បកិរិយា ជំនឿ ឬរបៀបរស់នៅតាំងពីកុមារនៅតូចៗរហូតដល់ពួកគេធំពេញវ័យ។ ទម្លាប់ចាស់កំរិលមួយនេះ នឹងធ្វើឲ្យកូនក្លាយជាមនុស្សមានភាពតានតឹង ស្ត្រេស គ្មានភាពរីករាយ។ បើអាចឪពុកម្តាយគួរតែអនុញ្ញាតឲ្យកូន ធ្វើអ្វីដែលពួកគេពេញចិត្ត ហើយចាំកែតម្រូវប្រសិនបើឃើញគាត់ធ្វើអ្វីដែលមិនសមរម្យ ទើបជាការប្រសើរ។

២.តែបណ្តុះបង្អាប់ដាក់កូន

ការលើកទឹកចិត្តពីឪពុកម្តាយ មានសារៈសំខាន់ណាស់សម្រាប់កុមារ ជាពិសេសនៅពេលកូនរបស់អ្នកមានអារម្មណ៍ក្រៀមក្រំ ឯកោ ឬនៅពេលពួកគេត្រូវការការលើកទឹកចិត្ត ពីបញ្ហាដែលពួកគេមិនអាចដោះស្រាយបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបន្តធ្វើការបណ្តុះបង្អាប់ម្តងហើយម្តងទៀត ឬធ្វើឲ្យកូនកាន់តែបាក់ទឹកចិត្ត វាអាចជំរុញឲ្យកូនរបស់អ្នកងាកទៅរកផ្លូវអាក្រក់ដូចជា សេពគ្រឿងញៀន លេងល្បែងស៊ីសង ដើម្បីបំបាត់ភាពតានតឹង។ ដូច្នេះ​ មានតែការលើកទឹកចិត្តកូនប៉ុណ្ណោះទេ ដែលជាវិធីល្អធ្វើឲ្យកូនមានសុភមង្គល។

៣.រំពឹងខ្លាំងពេក

ឪពុកម្តាយត្រូវដឹងថា សមត្ថភាព និងជំនាញរបស់កុមារម្នាក់ៗមិនដូចគ្នាទេ។ ហេតុនេះ អ្នកមិនគួរសង្ឃឹម ឬរំពឹងលើគាត់ខ្ពស់ពេកដែរ ព្រោះបើក្មេងធ្វើមិនបានដូចការរំពឹងទេ វាមិនត្រឹមតែធ្វើឲ្យអ្នកខកបំណងនោះទេ ​ប៉ុន្តែវាក៏អាចដាក់សម្ពាធលើកូនផងដែរ។ ព្រោះពួកគេនឹងមិនសប្បាយចិត្ត ដែលមិនអាចធ្វើតាមការរំពឹងទុករបស់ឪពុកម្តាយបាន។

៤.ឈ្លោះប្រកែកគ្នា

ឧទារហណ៍ ម្តាយមិនអនុញ្ញាតឲ្យកូនធ្វើអ្វីមួយ ប៉ុន្តែវាមានការយល់ព្រមពីឪពុក។ ការប៉ះទង្គិចគ្នានេះ ធ្វើឲ្យក្មេងៗមានការច្របូកច្របល់ និងស្តាប់បង្គាប់អ្នកដទៃជាងឪពុកម្តាយខ្លួនឯង។ ដូច្នេះមុនពេលឪពុកម្តាយ បង្គាប់ឲ្យកូនធ្វើអ្វីមួយ អ្នកត្រូវយល់ស្របគ្នាជាមួយសិន ហើយត្រូវចេះផ្តល់ហេតុផលពន្យល់កូនឲ្យសមស្របផងដែរ។

៥.ធ្វើឲ្យកូនបាត់បង់ទំនុកចិត្ត

ទំនុកចិត្តរបស់កូន គឺជាបញ្ហាមួយទៀតដែលអ្នកគួរតែយកចិត្តទុកដាក់ ព្រោះវាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបុគ្គលិក្ខណៈរបស់កូន នាពេលអនាគត់។ ប្រសិនបើអ្នកបន្តធ្វើឲ្យកូនបាត់បង់ទំនុកចិត្ត ពួកគេនឹងក្លាយជាមនុស្សដែលមិនចូលចិត្តសង្គម ហើយអាចធ្វើឲ្យពិបាកចុះសម្រុងជាមួយអ្នកដទៃ ដែលខុសពីក្មេងៗមានភាពជឿជាក់លើខ្លួនឯង។ ពីព្រោះកុមារប្រភេទនេះ មានចរិកល្អ និងមានរួសរាយជាមួយមនុស្សដែលនៅជុំវិញខ្លួន។

ទោះបីជាអ្នកមិនមែនជាឪពុកម្តាយល្អឥតខ្ចោះក៏ដោយ ប៉ុន្តែអ្នកអាចក្លាយជាឪពុកម្តាយដែលជាគំរូល្អសម្រាប់កូន និងការចិញ្ចឹមកូនតាមរបៀបត្រឹមត្រូវ ដែលធ្វើឲ្យកូនធំឡើងក្លាយជាមនុស្សល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here