អ្នកម្តាយគ្រប់រូបប្រហែលជាបានដឹងរួចមកហើយថា ទឹកដោះម្តាយ គឺជាអាហារតែមួយគត់សម្រាប់ទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ។ ព្រោះវាអាចផ្តល់នូវសារធាតុចិញ្ចឹមគ្រប់បែបយ៉ាង ដែលរាងកាយទារកត្រូវការដើម្បីលូតលាស់ប្រកបដោយផាសុខភាព។
ទោះជាយ៉ាងណា ក្រោយពេលសម្រាលកូនហើយ តើអ្នកដឹងពីរបៀបបង្កើនទឹកដោះឲ្យកូនបៅគ្រប់គ្រាន់ហើយឬនៅ? អ្នកម្តាយមួយចំនួនច្បាស់ជាពុំទាន់ដឹងពីរបៀបបង្កើនទឹកសម្រាប់កូននៅឡើយទេ ដូច្នេះអ្នកគួរតែអនុវត្តតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖
១.អ្នកម្តាយត្រូវទទួលសារធាតុចិញ្ចឹមដែលមានប្រយោជន៍ពីអាហារទាំង ៥ក្រុម ដោយផ្តោតសំខាន់លើបន្លែឲ្យបានច្រើន ហើយជៀសវាងអាហារហឹរ និងអាហារផ្អាប់គ្រប់ប្រភេទ។
២.ទទួលទានទឹកស្អាត ៨ទៅ១០កែវក្នុងមួយថ្ងៃ ដើម្បីបង្កើនការផលិតទឹកដោះ។
៣.ជៀសឲ្យឆ្ងាយពីភាពតឹងតឹង ឈប់គិតច្រើន ព្រោះវានឹងបណ្តោលឲ្យប៉ះពាល់ដល់ការផលិតទឹកដោះ។
៤.កំណត់ការទទួលទានទឹដោះគោ ២ទៅ៣កែវក្នុងមួយថ្ងៃ ដើម្បីការពារការទទួលប្រូតេអ៊ីនពីទឹកដោះគោច្រើនពេក។ ព្រោះវាជំរុញឲ្យទារកមានបញ្ហាអាឡែកស៊ីជាមួយទឹកដោះគោបាន។
៥.ជៀសវាងគ្រឿងស្រវឹង និងជៀសវាងការប៉ះពាល់ជាមួយសារធាតុពុលផ្សេងៗដូចជាផ្សែង។
៦.មុនពេលប្រើថ្នាំគួរពិគ្រោះជាមួយគ្រូពេទ្យ ថាថ្នាំប្រភេទណាដែលអាចលេបបាន ឬមនបាន។ លើសពីនេះគ្រូពេទ្យនឹងណែនាំពីរៀបលេបថ្នាំដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់ការផលិតទឹកដោះ៕