ស្ត្រីមានផ្ទៃពោះដែលមានកម្រិតអាស៊ីតទ្រីគ្លីសេរីដ ឬខ្លាញ់ក្នុងឈាមឡើងខ្ពស់ នឹងបង្កឲ្យមានការកកឈាម ត្បៀតសរសៃឈាម ដែលអាចមានគ្រោះថ្នាក់បេះដូង។
នៅក្នុងការសិក្សាមួយបានរកឃើញថា ការប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាម អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល និងអវយវៈរបស់ទារក។ ដូច្នេះវាមិនត្រូវបានណែនាំឲ្យប្រើចំពោះស្ត្រីមានផ្ទៃពោះនោះទេ។ លើសពីនេះ មុនពេលមានផ្ទៃពោះ៣ខែ ក៏ស្ត្រីមិនត្រូវប្រើថ្នាំបញ្ចុះជាតិខ្លាញ់់នេះដែរ។
ចំពោះស្ត្រីមានផ្ទៃពោះដែលប្រឈមនឹងហានិភ័យ ទ្រីគ្លីសេរីដ ក្នុងឈាមខ្ពស់ ដោយសារតែកត្តា ៣យ៉ាង៖
១.តំណពូជ៖ អ្នកដែលមានប្រវត្តិគ្រួសារមានបញ្ហាទ្រីគ្លីសេរីដខ្ពស់ ឬមានស្ថានភាពសុខភាពដូចជាជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត និងការធាត់។
២.ការញ៉ាំអាហារ៖ ការចូលចិត្តញ៉ាំអាហារដូចជា អាហារផ្អែម អាហារសម្បូរម្សៅ ខ្លាញ់ គឺជាចំណែកមួយដែលធ្វើឲ្យកម្រិតទ្រីគ្លីសេរីដ ឡើងខ្ពស់នៅក្នុងឈាម។
៣.ការមានផ្ទៃពោះនៅវ័យចាស់ពេក៖ អ្នកម្តាយដែលមានផ្ទៃពោះនៅវ័យ ៤០ឆ្នាំឡើងទៅទំនងជាមានបញ្ហាជាមួយនឹងកំណកខ្លាញ់ក្នុងឈាម។ ជាពិសេសនៅពេលមានគភ៌លើសពី ២០សប្តាហ៍ សរសៃឈាមផ្នែកខាងក្រោមដូចជា ជើង អាងត្រគាក និងរន្ធគូថ ហូរត្រលប់មកបេះដូងវិញ មានលក្ខណៈយឺតៗ និងតិចជាងមុន។ ដោយសារតែការរីកធំនៃស្បូន ហើយផ្អៀងសង្កត់លើសរសៃឈាមធំៗ អ្នកម្តាយនឹងមានអារម្មណ៍ស្ពឹកសរីរាង្គផ្សេងៗ ហើយអាចដួលសន្លប់បានយ៉ាងងាយ។
ការកើនឡើងទ្រីគ្លីសេរីដខ្ពស់ អាចធ្វើឲ្យលំហូរឈាម និងអុកស៊ីសែនដែលត្រូវបញ្ចូនទៅកាន់ទារកត្រូវបានរាំងស្ទះ ឬទារកទទួលបានអាហារូបត្ថម្ភតិច។ ពី ៨០ភាគរយដែលត្រូវទទួលពីម្តាយ អាចកាត់បន្ថយមកត្រឹម ៤០ភាគរយប៉ុណ្ណោះ ដែលជាលទ្ធផលទារកមានការលូតលាស់យឺតយ៉ាវ។
ក្នុងករណីដែលអ្នកម្តាយវ័យក្មេង ប៉ុន្តែមានជំងឺដូចជាទឹកនោមផ្អែម ឬជំងឺលើសឈាម អាចបណ្តោលមកពីតំណពូជ ទំនងជាមានបញ្ហាដល់សរសៃឈាម។ អ្នកម្តាយប្រភេទនេះគួរតែទទួលការថែទាំងជាពិសេស ដើម្បីពិនិត្យកម្រិតជាតិខ្លាញ់ និងសម្ពាធឈាមឲ្យបានទៀងទាត់ រួមជាមួយការធ្វើអ៊ុលត្រាសោនពិនិត្យមើលសរសៃឈាម នងការលូតលាស់របស់ទារកជាប្រចាំផងដែរ។ ដំណាក់កាលទី១ នឹងធ្វើអ៊ុលត្រាសោនរៀងរាល់ ១ខែម្តង ដំណាក់កាលទី២ រៀងរាងល់ ២សប្តាហ៍ម្តង និង១សប្តាហ៍ម្តង៕