តើអ្នកម្តាយកំពុងតែមានបញ្ហា គេងមិនលក់ អស់កម្លាំង ញ៉ាំមិនបាន គិតច្រើន បារម្ភច្រើនមែន? អារម្មណ៍បែបនេះអាចកើតមានក្រោយពេលសម្រាល ដូច្នេះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីស្វាមី បើពុំដូច្នោះទេវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមកូន និងអ្នកនៅជុំវិញខ្លួន។
មានហេតុផលជាច្រើន ដែលបណ្តោលឲ្យអ្នកម្តាយធ្លាក់ទឹកចិត្តក្រោយពេលសម្រាល គឺសម្ពាធការងារ មានបញ្ហាគ្រួសារ ការដើរតួធ្វើជាអ្នកម្តាយ និងមូលហេតុគួបផ្សំជាច្រើនទៀត។
រោគសញ្ញានៃការធ្លាក់ទឹកចិត្ត គឺការផ្លាស់ប្តូរអារម្មណ៍ ឆាប់ខឹង ថប់បារម្ភ គេងមិនលក់ អស់កម្លាំង ពិបាកចិត្ត ឯកោ និងបាត់បង់ចំណង់អាហារ។ រោគសញ្ញាលេចឡើងតាំងពីថ្ងៃដំបូងបន្ទាប់ពីសម្រាលកូនហើយ ប៉ុន្តែវានឹងប្រសើរឡើងវិញដោយក្នុងឯងក្នុងរយៈពេល ២សប្តាហ៍ប្រសិនបើមានអ្នកជួយសម្រាកបន្ទុក។
ផលប៉ះពាល់នៃជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាល គឺបណ្តោលឲ្យអ្នកម្តាយញ៉ាំតិច គេងមនលក់ សម្រាកមិនបានគ្រប់គ្រាន់ ធ្វើឲ្យមានសុខភាពទន់ខ្សោយ ងាយចូលជំងឺ ហើយទីបំផុតប៉ះពាល់ដល់ការចិញ្ចឹមកូន ជាពិសេសការលូតលាស់របស់ទារកដែលខ្វះការមើលថែពេញលេញ ឬត្រឹមត្រូវ។ ក្នុងករណីធ្ងន់ធ្ងរទារកខ្វះសារធាតុចិញ្ចឹម ដែលបង្កឲ្យមានបញ្ហាលូតលាស់ទាំងរាងកាយ និងខួរក្បាល។
ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្តក្រោយពេលសម្រាល អ្នកម្តាយគួរតែមានការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួន សម្រាកឲ្យបានគ្រប់គ្រាន់ គិតតែរឿងវេជ្ជមាន និងធ្វើរឿងដែលសប្បាយៗ៕