៤ចំណុចសំខាន់ណាស់ អ្នកម្តាយត្រូវយកចិត្តទុកក្រោយពេលសម្រាល

0
1

ក្រោយពេលសម្រាលកូនហើយ អ្នកម្តាយនឹងមានការផ្លាស់ប្តូរទាំងរាងកាយ ផ្លូវចិត្ត ជាពិសេសគឺផ្លាស់ប្តូរស្ថានភាពសង្គមក្រោយពេលក្លាយជាម្តាយដែលត្រូវមើលថែទារក។ ប៉ុន្តែអ្នកក៏ត្រូវចង់ចាំថា ការមើលថែខ្លួនឯងឲ្យបានល្អក៏មានសារៈសំខាន់ផងដែរ។

ការថែរក្សារបួសស្នាម

មុខរបួសដែលបន្សល់ក្រោយពេលសម្រាល ឬវះកាត់គួរតែត្រូវបានសម្អាតឲ្យបានត្រឹមត្រូវ ជាមួយទឹកក្តៅឧណ្ឌៗ រួចប្រើក្រណាត់ស្អាតជូតឲ្យស្ងួត។ ជាពិសេសសំឡីអនាម័យត្រូវផ្លាស់ប្តូរឲ្យញឹកញាប់ កុំទុកឲ្យឈាមនៅកកកុញ ឬមានក្លិនអាក្រក់ពេក ព្រោះវាអាចបណ្តោលឲ្យរលាកកាន់តែខ្លាំង។

ចំពោះការជូតសម្អាតក្រោយពេលបញ្ចេញចោល គួរតែជូតពីមុខទៅក្រោយ ដើម្បីការពារការឆ្លងមេរោគ។

ការថែទាំងសុដន់

ការថែទាំសុដន់ក្រោយពេលសម្រាលកូន មិនចាំបាច់ធ្វើអ្វីផ្សេងងក្រៅពីសម្អាតឡើយ។ ការងូទឹកជារៀងរាល់ថ្ងៃ គឺគ្រប់គ្រាន់ហើយ ប៉ុន្តែមិនចាំបាច់ញឹកញាប់ពេកទេ។​

ដោយសារតែក្រពេញ sebaceous នៅខាងក្នុងនឹងផលិតជាតិខ្លាញ់ ដើម្បីជួយថែរក្សាសុដន់ និងក្បាលសុដន់រួចទៅហើយ អំឡុងពេលមានផ្ទៃពោះ រហូតក្រោយពេលសម្រាល និងបំបៅដោះកូន។ សុដន់នឹងកើនឡើងទំហំ និងទម្ងន់ អាចបណ្តោលឲ្យសរសៃចង់ដែលទ្រទ្រង់សុដន់អណ្តែតឃើញច្បាស់។ ដូច្នេះ អាវទ្រនាប់គួរតែត្រូវបានពាក់ ដើម្បីជួយការពារការយារធ្លាក់។ វាជាការសំខាន់ដែលអ្នកម្តាយត្រូវលាងសម្អាតដៃរាល់មុនពេលប៉ះពាល់សុដន់ និងក្បាលសុដន់។

ក្នុងករណីដែលអ្នកឈឺចាប់ក្នុងសុដន់ គួរតែច្រើបាច់ទឹកដោះចេញខ្លះ ហើយស្អំទឹកកក ដើម្បីបន្ថយការឈឺចាប់។ ប្រសិនបើអ្នកមិនរកវិធីដោះស្រាយ វាអាចបណ្តោលទៅជារលាក តែបើការឈឺចាប់មានសភាពធ្ងន់ធ្ងរ គួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

ការថែរក្សាស្បែក

ស្នាមសង្វារ អាចកើតមានឡើងដោយសារតែស្បែកត្រង់តំបន់ក្បាលពោះលាតសន្ធឹងខ្លាំងពេក។ ការបណ្តោលឲ្យមានស្នាមសង្វារ ពិតជាអាក្រក់មើលណាស់ ហើយអ្នកម្តាយច្បាស់ជាមិនហ៊ានស្លៀកខ្លីបញ្ចេញរាងដូចពីមុនទៀតឡើយ។ ដូច្នេះការថែរក្សាស្បែកក្បាលពោះ គួរតែចាប់ផ្តើមនៅពេលមានផ្ទៃពោះ ដោយប្រើប្រេងអូលីវ ឬក្រែមផ្តល់សំណើម។​ ក្រៅពីនេះ អ្នកម្តាយគួរតែព្យាយាមទទួលទានទឹក ទទួលទានបន្លែផ្លែឈើ ទទួលទានវីតាមីន C, E និង Collagen ដើម្បីផ្តល់សំណើមដល់ស្បែកឲ្យបានគ្រប់គ្រាន់។

ការថែទាំងសក់

អំឡុងពេលឆ្លងទន្លេ អ្នកម្តាយអាចមានការបាត់បង់សក់ច្រើនជាងធម្មតា។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជារឿងធម្មតា ហើយនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ ដោយសារតែការប្រែប្រួលអ័រម៉ូន ដូច្នេះអ្នកម្តាយកុំភ័យ ព្រោះរយៈពេល ៦ទៅ១២ខែ វានឹងត្រឡប់មកសភាពធម្មតាវិញ។

ដូច្នេះ អ្នកម្តាយអាចឆ្លៀតឱកាសនេះ កាត់សក់ឲ្យខ្លីដើម្បីងាយស្រួលថែទាំ ហើយកុំសិតសក់ញឹកញាប់ពេក ព្រោះវាអាចធ្វើឲ្យសក់ជ្រុះកាន់តែខ្លាំង។ ប៉ុន្តែប្រសិនបើអ្នកជ្រុះសក់ក្នុងស្ថានភាពធ្ងន់ធ្ងរ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃបន្ថែម។

ក្រៅពីការថែរក្សារាងកាយ ការថែរក្សាផ្លូវចិត្តក៏មានសារៈសំខាន់ដែរ ដូច្នេះស្វាមី ឬសមាជិតក្នុងគ្រួសារគួរតែជួយគ្នាលើកទឹកអ្នកទើបនឹងសម្រាលកូនឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here