ការស្រាវជ្រាវពីមូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកសហរដ្ឋអាមេរិក បានរកឃើញថា ការបំបៅកូនដោយទឹកដោះ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកបាន ១០ភាគរយ។ ការរកឃើញនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Clinical Nutrition។
ការស្រាវជ្រាវបានស្ទង់មតិមនុស្សចំនួន ៣៨០.០០០នាក់មកពីប្រទេសអឺរ៉ុបចំនួន ៩ក្នុងរយៈពេល ១២ឆ្នាំជាប់ៗគ្នាបានរកឃើញថា ការបំបៅដោះកូនយ៉ាងតិច ៦ខែ អាចជៀសឆ្ងាយពីជំងឺមហារីកគ្រប់ប្រភេទ ១០ភាគរយ។
ការស្រាវជ្រាវពីមុនបានរកឃើញដែរថា ការបំបៅដោះកូនពិតជាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះអ្នកម្តាយ។ ការចិញ្ចឹមកូនដោយទឹកដោះម្តាយ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ៤ភាគរយ ក្នុងមួយឆ្នាំ។ ប៉ុន្តែលទ្ធផលផ្ទុយពីការពិតបច្ចុប្បន្ន ដោយសារតែអ្នកម្តាយមិនសូវបានបំបៅដោះដោយទឹកដោះបានយូរនោះទេ។
អ្នកម្តាយដែលទើបនឹងសម្រាលកូនហើយ មិនគួរស្ទាក់ស្ទើរចំពោះការបំបៅកូនដោយទឹកដោះនោះទេ ព្រោះនៅក្នុងទឹកដោះមានផ្ទុកសារធាតុចិញ្ចឹមពេញលេញសម្រាប់ទារក ជួយពង្រឹងប្រព័ន្ធការពាររាងកាយ បង្កើនចំណងទំនាក់ទំនងរវាងម្តាយនិងកូន ហើយថែមទាំងជួយឲ្យម្តាយជៀសឆ្ងាយពីជំងឺមហារីកថែមទៀត៕