ស្បូន គឺជាបន្ទប់ដ៏សំខាន់សម្រាប់ការបង្កកំណើត និងថែរក្សាការពារទារករហូតដល់ថ្ងៃកើត។ ក៏ប៉ុន្តែប្រសិនបើស្បូនមានបញ្ហាធ្លុះធ្លាយ ឬដាច់រហែក តើមានអ្វីកើតឡើង? តាមអ្នកជំនាញបានព្រមានថា ប្រសិនបើស្បូនរបស់ស្ត្រីមានផ្ទៃពោះមានបញ្ហាដាក់រហែក វាអាចបណ្តោលឲ្យទារកស្លាប់ ហើយក្នុងករណីសង្គ្រោះមិនទាន់ទេ សូម្បីតែអ្នកម្តាយក៏អាចស្លាប់ដែរ។
ហានិភ័យដែលបណ្តោលឲ្យស្បូនរហែក រួមមាន ឆ្អឹងត្រគាកតូចចង្អៀតពេក ស្បូនលូតលាស់មិនប្រក្រតី ធ្លាប់មានការវះកាត់ស្បូន ស្បូនកន្ត្រាក់ខ្លាំងពេក ធ្លាប់ផ្តល់កំណើតឲ្យកូនច្រើនដង ស្បូនមានសុខភាពមិនល្អ…។ លើសពីនេះទៅទៀត ប្រសិនបើទារកមានទំហំធំពេក ឬទារកខូចទ្រងទ្រាយ ក៏អាចធ្វើឲ្យស្បូនរហែកពេលសម្រាលដែរ។
ដូច្នេះ ក្នុងករណីដែលស្ត្រីមានផ្ទៃពោះ ចេះតែមានអាការឈឺចាប់ក្នុងពោះខ្លាំងឡើងៗ មានការហូរឈាមច្រើន ស្បូនកន្ទ្រាក់ខ្លាំង សូមប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះវាជាសញ្ញានៃការដាច់រហែកស្បូន។
ជាពិសេសស្ត្រីដែលធ្លាប់សម្រាលកូនដោយវះកាត់ គួរតែថែរក្សាសុខភាព ឬទៅពិនិត្យសុខភាពស្បូនឲ្យបានត្រឹមត្រូវមុនពេលសម្រាល ១០ថ្ងៃ។ លើសពីនេះ ស្ត្រីគួរតែទទួលទានអាហារបំប៉នឲ្យបានគ្រប់គ្រាន់ ទោះបីជាស្ត្រីដែលសម្រាលដោយធម្មជាតិ ឬដោយវះកាត់ក៏ដោយ៕