មនុស្សជាច្រើនចូលចិត្តរបស់ផ្អែមណាស់ ជាពិសេសនៅពេលមកពីធ្វើការហេវហត់អស់កម្លាំង បើបានភេជ្ជៈត្រជាក់ៗមួយកំប៉ុងច្បាស់ជាមានកម្លាំងព្រឺស។ ក៏ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះ គួរតែប្រយ័ត្នបរិមាណជាតិស្ករ ព្រោះវាអាចបង្កឲ្យអ្នកម្តាយឡើងទម្ងន់ និងកើតជំងឺទឹកនោមផ្អែមបាន។
ប្រភពនៃជាតិផ្អែមបានមកពីអាហារជាច្រើនដូចជា ស្ករ ទឹកឃ្មុំ និងផ្លែឈើផ្សេងៗ។ ស្ត្រីមានផ្ទៃពោះអាចញ៉ាំជាធម្មតាដូចមុនពេលមានផ្ទៃពោះ មិនលើសពី ៤ទៅ៦ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃទេ លើកលែងតែស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែម ដែលត្រូវការគ្រប់គ្រងជាតិស្ករពីអាហារ ជាពិសេសកំណត់មិនលើសពី ៥ទៅ១០ភាគរយនៃតម្រូវការថាមពលសរុបជាមធ្យម គឺ១ទៅ២ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។
ជាតិស្ករធម្មជាតិ គឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ប៉ុន្តែជាតិស្ករដែលមាននៅក្នុងភេសជ្ជៈផ្សេងៗត្រូវតែប្រុងប្រយ័ត្ន។ អ្នកត្រូវដឹងថា សូដាមួយកំប៉ុងមានផ្ទុកជាតិស្ករ ៧ទៅ១០ស្លាបព្រាកាហ្វេ ទឹកក្រូច ៨០មីលីលីត្រមានផ្ទុកជាតិស្ករ ២ទៅ៣ស្លាបព្រាកាហ្វេ ហើយទឹកផ្លែឈើកំប៉ុងជាច្រើនទៀតក៏មានផ្ទុកជាតិស្ករច្រើនដូចគ្នា។
ដើម្បីសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃ អ្នកម្តាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះអាហារដែលមានជាតិផ្អែម។ ដូច្នេះស្ត្រីមានផ្ទៃពោះ ត្រូវដឹងពីការទទួទានជាតិស្ករ៖
១.ស្ត្រីមានផ្ទៃពោះធម្មតា អាចទទួលទានស្ករសិប្បនិម្មិតបាន ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះដែលកើតជំងឺទឹកនោមផ្អែម និងលើសទម្ងន់ គួរតែព្យាយមប្រើស្ករធម្មជាតិ ឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីកំណត់ចំនួនជាតិស្ករដែលសមស្រប។
២.ជាតិស្កររលាយទូទៅ ស្ត្រីមានផ្ទៃពោះអាចញ៉ាំបានទាំងស្ករស និងស្ករត្នោត។ ប៉ុន្តែប្រសិនបើអ្នកអាចជ្រើសរើសបាន គួរតែជៀសវាងស្ករពណ៌ស ដោយសារតែវាមានវីតាមីន និងសារធាតុរ៉ែតិចជាងស្ករត្នោត។
៣.កុំញ៉ាំផ្អែមពេក ឬជាតិស្ករច្រើនជាងតម្រូវការរាងកាយ ព្រោះជាតិស្ករដែលលើសនឹងរក្សាទុកក្នុងទម្រង់ជាខ្លាញ់ ធ្វើឲ្យអ្នកម្តាយងាយនឹងឡើងទម្ងន់៕