អ្នកត្រូវដឹងថា ទារកកើតមុនពេលកំណើតអាចប្រឈមនឹងបញ្ហាគ្រប់ប្រព័ន្ធទាំងអស់នៅក្នុងរាងកាយ ជាពិសេសផ្លូវដង្ហើមក្នុងពេលមួយសប្តាហ៍ដំបូងនៃជីវិត។ ធ្ងន់ធ្ងរជាងនេះទៅទៀតទារក ដែលកើតមុនសប្តាហ៍ទី ៣២ អាចប្រឈមនឹងការពិបាកដកដង្ហើមធ្ងន់ធ្ងរ ដែលទាមទារឲ្យមានជំនួយអុកស៊ីសែន ហើយទារកខ្លះត្រូវចំណាយពេលច្រើនសប្តាហ៍ទើបអាចដកអុកស៊ីសែនចេញបាន។
ដូច្នេះ អ្នកម្តាយគួរតែស្វែងយល់ពីកត្តាមួយចំនួនដែលអាចរួមចំណែកធ្វើឲ្យទារកកើតមុនពេលកំណត់ ក្រែងអាចការពារបានខ្លះ៖
១.លក្ខណៈផ្ទាល់ខ្លួន និងជំងឺពីកំណើត
- អ្នកម្តាយដែលមានអាយុក្រោម ១៧ឆ្នាំ ឬលើសពី ៣៥ឆ្នាំ អាចប្រឈមនឹងការមានកូនមិនគ្រប់ខែជាងម្តាយដែលមានអាយុ ១៨ទៅ៣៤ឆ្នាំ។
- អ្នកម្តាយដែលធ្លាប់រលូតកូន មានឱកាសសម្រាលកូនមិនគ្រប់ខែ ២៥ភាគរយ។ ប៉ុន្តែបើធ្លាប់រលូតកូនពីរដងជាប់គ្នានោះឱកាសនៃការមានកូនមិនគ្រប់ខែកើនឡើងរហូតដល់ ៥០ភាគរយក។
- អ្នកម្តាយដែលមានស្បូនខុសប្រក្រតី ខូចទ្រង់ទ្រាយស្បូនពីកំណើតក៏អាចធ្វើឲ្យកូនកើតមុនពេលកំណត់ដែរ។
- អ្នកម្តាយដែលមានស្ថានភាពសុខភាពដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ជំងឺថ្លើម និងជំងឺតម្រងនោម អាចបណ្តោលឲ្យទារកលូតលាស់មិនល្អ និងកើតមិនគ្រប់ខែ។
២.ជីវិតប្រចាំថ្ងៃ
- អ្នកម្តាយដែលមានទម្លាប់ជក់បារី ឬមានភាពស្និទ្ធស្នាលជាមួយមនុស្សដែលជក់បារីជាប្រចាំ។ វានឹងធ្វើឲ្យទារកកើតមុនពេលកំណត់។
- អ្នកម្តាយដែលទទួលទានគ្រឿងស្រវឹងជាប្រចាំ នាំឲ្យទារកលូតលាស់យឺត និងកើតមុនពេលកំណត់។
- អ្នកម្តាយដែលមានការងារត្រូវអង្គុយច្រើនម៉ោងក្នុងមួយថ្ងៃ ដែលត្រូវប្រកម្លាំងច្រើន ធ្វើឲ្យឈាមដែលត្រូវផ្គត់ផ្គង់ទៅស្បូនត្រូវកាត់បន្ថយ។ ទីបំផុតអុកស៊ីសែន និងសាធាតុចិញ្ចឹមដែលទារកត្រូវទទួលបានមានការខ្វះខាត ហើយអាចប្រឈមនឹងការកើតមុនពេលកំណត់។
- ស្ត្រេស មិនថាបណ្តោលមកពីបញ្ហាការងារ ឬបញ្ហាគ្រួសារនោះទេ ទារកអាចកើតមុនពេលកំណត់ដូចគ្នា៕