ជំងឺអ៊ុតស្វាយ ជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយសារតែវីរុសម្យ៉ាងមានឈ្មោះថា Varicella Zoster virus ហើយជាញឹកញាប់វាកើតឡើងនៅក្នុងរដូវរងា។ អ្នកដែលកើតជំងឺអ៊ុតស្វាយ តែងមានអាការអស់កម្លាំង មិនចង់ញ៉ាំអាហារ ហើយរយៈពេល ២៤ទៅ៤៨ម៉ោង នឹងចាប់ផ្តើមក្តៅខ្លួន។ នៅថ្ងៃទី៣ ស្បែកចាប់ផ្តើមឡើងកន្ទួលរមាស់ កន្ទួលពណ៌ក្រហម និងចេញពងទឹកស។
បញ្ហាគួរឲ្យបារម្ភនៃជំងឺនេះ គឺអាចនាំឲ្យមានស្លាកស្នាមនៅលើស្បែកក្រោយពេលជាសះស្បើយ ហើយមានអ្នកជំងឺខ្លះអាចបន្សល់ទុកមួយជីវិតផងក៏មានដែរ។ ដូច្នេះដើម្បីបង្ការកុំឲ្យកូនជាទីស្រឡាញ់របស់អ្នកឆ្លងជំងឺនេះ អ្នកគួរតែអនុវត្តតាមគោការណ៍ដូចខាងក្រោម៖
១.កុំប៉ះពាល់មនុស្សដែលកើតអ៊ុតស្វាយ
ជំងឺអ៊ុតស្វាយ ងាយនឹងចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតខ្លាំងណាស់ ហេតុនេះប្រសិនបើអ្នកដឹងថាមានការឆ្លងជំងឺអ៊ុតស្វាយនៅកន្លែងណា កុំឲ្យកូនទៅកន្លែងនោះឲ្យសោះ។ មិនថាកន្លែងមានមនុស្សច្រើនកុះករ ឬមន្ទីរពេទ្យនោះទេ ព្រោះវាជាកន្លែងដែលពោរពេញទៅដោយបាក់តេរីប្រមូលផ្តុំ។
២.កុមារដែលមានជំងឺអ៊ុតស្វាយ គួរតែផ្អាកទៅរៀនសិន
ប្រសិនបើមានកុមារណាម្នាក់ នៅក្នុងចំណោមមិត្តរួមថ្នាក់របស់កូនអ្នក បានកើតជំងឺងអ៊ុតស្វាយ នោះឪពុកម្តាយគួរតែស្នើឲ្យពួកគេផ្អាករៀនបណ្តោះអាសន្នសិន ហើយរងចាំដល់ពេលជំងឺជាសះស្បើយទើបអនុញ្ញាឲ្យមករៀនវិញ។ ព្រោះអ្នកជំងឺនេះ អាចចម្លងយ៉ាងងាយតាមរយៈសកម្មភាពលេងជាមួយគ្នា ឬចែករបស់របរលេងជាមួយគ្នា។
៣.បង្កើនប្រព័ន្ធភាពស៊ាំ
វិធីសាមញ្ញបំផុតដើម្បីបង្ការជំងឺអ៊ុតស្វាយ ចំពោះកុមារ គឺការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ និងការទទួលទានអាហារសម្បូរវីតាមីន C ដើម្បីពង្រឹងប្រពន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺនេះ៕