ពេលបំបៅដោះកូន សារធាតុចិញ្ចឹមដែលអ្នកម្តាយទទួលបាន ត្រូវតែចែករំលែកទៅកាន់កូនតាមរយៈទឹកដោះ។ ក្នុងអំឡុងពេលនេះអ្នកម្តាយត្រូវយកចិត្តទុកដាក់ចំពោះការទទួលទានអាហារបន្តិច ហើយត្រូវចាំថា អ្នកញ៉ាំអាហារអ្វី កូនក៏ទទួលបានអាហារទាំងនោះដែរ។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកម្តាយកំពុងតែបំបៅដោះត្រូវតែព្យាយាមធ្វើ៖
១.ចាប់ផ្តើមញ៉ាំអាហារធម្មតា ប៉ុន្តែត្រូវតែឆ្អែត និងពេញលេញ។
២.ជ្រើសរើសអាហារដែលស្រស់ៗ និងចម្អិនឲ្យឆ្អិនល្អ។
៣.ផ្តោតសំខាន់ទៅលើអាហារដែលសម្បូរប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ កាល់ស្យូម និងជាតិដែក។ ប៉ុន្តែមិនមានន័យថា អ្នកត្រូវកាត់បន្ថយសារធាតុចិញ្ចឹមផ្សេងៗទៀតឡើយ។
៤.ញ៉ាំឲ្យគ្រប់ក្រុមសាច់ ស៊ុត បន្លែ និងផ្លែឈើស្រស់។
៥.អាហារមានគុណតម្លៃបំផុត គឺអាហារដែលមានប្រូតេអ៊ីន ជាតិដែក កាល់ស្យូម សារធាតុរ៉ែ និងវីតាមីន។ សារធាតុចិញ្ចឹមទាំងនេះមានច្រើននៅក្នុងសាច់ ថ្លើម ទឹកដោះគោ គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ។
៦.ព្យាយាមទទួលទានអាហារដែលងាយរំលាយ សម្បូរជាតិសរសៃ ព្រោះក្រោយពេលសម្រាលកូនហើយអ្នកម្តាយមិនត្រឹមតែត្រូវការសារធាតុចិញ្ចឹមប៉ុណ្ណោះទេ សូម្បីតែការបន្ទោរបង់ក៏ត្រូវតែមានភាពងាយស្រួលដែរ។
៧.ចំពោះអាហារហិរខ្លាំងត្រូវជៀសវាង ព្រោះវាអាចបណ្តោលឲ្យអ្នកម្តាយខ្លួនឯង និងកូនរាគរួសបាន។
៨.ព្យាយាមញ៉ាំទឹកឲ្យបានច្រើន ដើម្បីទូទាត់សងទឹកដែលបាត់បង់ដោយសារការបំបៅដោះ។ ប៉ុន្តែដើម្បីបន្ថែមពីលើអាហារដែលសម្បូរជាតិទឹក អ្នកគួរតែផឹកទឹក និងទឹកដោះគោឲ្យបានច្រើន។
៩.អ្នកម្តាយក្រោយពេលសម្រាលកូន ជាទូទៅត្រូវការកាឡូរីប្រហែលជា ២២០០កាឡូរីក្នុងមួយថ្ងៃ ដើម្បីផ្តល់ទឹកដោយគ្រប់គ្រាន់សម្រាប់កូន និងជួយឲ្យរាងកាយឆាប់ជាសះស្បើយឡើងវិញ។
បរិមាណទឹកដោះដែលទារកត្រូវការក្នុងមួយថ្ងៃ គឺប្រហែលជា ៦០០ទៅ១,០០០មីលីលីត្រ ហើយទឹកដោះម្តាយ ១,០០០មីលីលីត្រ ត្រូវការកាឡូរីប្រហែលជា ១,០០០កាឡូរី ដើម្បីផលិតថាមពលទាំងអស់ សម្រាប់ប្រើប្រាស់ក្រោយពេលសម្រាលកូន ដែលមិនមែនយកពីអាហារតែមួយមុខនោះទេ។ ផ្នែកមួយនៃទឹកដោះ ត្រូវបានស្រង់ចេញពីខ្លាញ់ដែលរក្សាទុកក្នុងពេលមានផ្ទៃពោះផងដែរ៕