មុន គឺជាបញ្ហាមួយដែលតែងតែកើតឡើងចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះក៏កើតមានផងដែរ គឺដោយសារតែការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយ។ នៅពេលឡើងមុន ស្ត្រីមានផ្ទៃពោះទាំងឡាយច្បាស់ជាមិនហ៊ានប្រើផលិតផលអ្វីផ្តេសផ្តាសនោះទេ គឺសុខចិត្តបណ្តោលទៅតាមធម្មជាតិ ក៏ព្រោះតែខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
តែទោះជាយ៉ាងណា បញ្ហាកើតមុនអំឡុងពេលមានផ្ទៃពោះអាចដោះស្រាយបាន ប្រសិនបើអ្នកអនុវត្តតាមវិធីទាំងនេះ៖
១.លាងសម្អាតដៃឲ្យញឹកញាប់ជាពិសេសមុនពេលប៉ះពាល់ផ្ទៃមុខ ហើយលាងសម្អាតផ្ទៃមុខរបស់អ្នកមួយថ្ងៃ ២ទៅ៣ដង ដោយប្រើឧបករណ៍សម្អាតទន់ៗ ដើម្បីលាងជម្រះជាតិប្រេង។ ក៏ប៉ុន្តែកុំលាងសម្អាតញឹកពេក ព្រោះវានឹងបណ្តោលឲ្យស្បែកស្ងួត ហើយស្បែកនឹងផលិតប្រេងកាន់តែច្រើនជាងមុន រហូតដល់មានការកកស្ទះរន្ធរោមកើតឡើង។
២.កុំច្របាច់មុនឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យឆ្លងកាន់តែច្រើន និងបន្សល់ស្លាកស្នាមថែមទៀត។
៣.ប្រើឡេការពារកម្តៅថ្ងៃជាប្រចាំ ដោយសារតែកាំរស្មីអ៊ុលត្រាវីយូឡេនៅក្នុងពន្លឺព្រះអាទិត្យ នឹងជំរុញឲ្យមានការកើតមុន និងស្នាមខ្មៅនៅលើផ្ទៃមុខ។
៤.កុំប្រើទឹកក្តៅលាងសម្អាតផ្ទៃមុខឲ្យសោះ ព្រោះវានឹងធ្វើឲ្យស្បែកមុខកាន់តែរលាក។ ចំពោះអ្នកដែលមិនធ្លាប់កើតមុនពេលមានផ្ទៃពោះ អាការៈចេញមុននេះអាចបណ្តោលមកពីអ័រម៉ូន។ ក្រោយពេលសម្រាលកូនរួច កម្រិតអ័រម៉ូននឹងត្រលប់មកមានតុល្យភាព ពេលនោះផ្ទៃមុខរបស់អ្នកក៏ត្រលប់មានភាពស្រស់ថ្លាវិញដែរ។
៥.ប្រសិនអ្នកមានទម្លាប់ទម្លាក់សក់ គួរតែពាក់បូរ ឬចង់សក់ឲ្យស្រឡេះ។ ព្រោះការទម្លាក់សក់ឲ្យបាំងថ្ងាសក៏ជាមូលហេតុដែលបណ្តោលឲ្យមុនកើតនៅលើថ្ងាស់ផងដែរ៕