ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ គូស្នេហ៍ភាគច្រើនតែងតែមានគម្រោងចង់បានកូនមុនគេ ដើម្បីបន្តពូចពង្សផង និងដើម្បីសេចក្តីសុខសម្រាប់ក្រុមគ្រួសារផង។ ក៏ប៉ុន្តែមានមនុស្សស្រីមិនចំនួនតូចនៅស្ទាក់ស្ទើរមិនទាន់ចង់បានកូនភ្លាមៗនោះទេ ឬក៏មិនហ៊ានយកកូនតែម្តង នេះដោយសារតែមូលហេតុធំៗ ៧ចំណុច។
១.ខ្លាចរកលុយមិនបាន
ការចិញ្ចឹមកូនត្រូវចំណាយប្រាក់ច្រើនណាស់ ដើម្បីផ្គត់ផ្គង់ទាំងការហូបចុក ការចំណាយល់ថ្នាំសង្កូវ និងការចូលរៀនជាដើម។ ជាពិសេសប្រសិនបើអ្នកមានកូនកាន់តែច្រើន អ្នកត្រូវចំណាយប្រាក់កាន់តែច្រើនដែរ។
២.ស្ថានភាពបង្ខំដែលមិនសមរម្យសម្រាប់ការយកកូន
ការនៅក្មេងពេក ការងារមិនស្ថិតស្ថេរ ឬការមិនទាន់មានផ្ទះសំបែងជាដើម ធ្វើឲ្យស្ត្រីមួយចំនួនមិនទាន់គិតដល់ការមានកូនឡើយ។
៣.ខ្លាចភាពធាត់
ការមានផ្ទៃពោះម្តងៗធ្វើឲ្យស្ត្រីឡើងទម្ងន់ចាប់ពី ៥ទៅ១០គីឡូក្រាម ហើយគ្មានអ្នកណាហ៊ានធានាថា សម្រាលកូនហើយរាងកាយនឹងត្រឡប់មកភាពដើមវិញបានទេ។
៤.ខ្លាចជើងធំជាងមុន
នេះជាផ្នែកនៃរាងកាយរបស់មនុស្សស្រី ដែលត្រូវមានភាពប្រែប្រួលបន្ទាប់ពីមានផ្ទៃពោះ។ ជើងរបស់មនុស្សស្រីខ្លះអាចត្រឡប់មកភាពដើមវិញក្រោយពេលឆ្លងទន្លេរួច ក៏ប៉ុន្តែស្ត្រីមួយចំនួនទៀតមិនអាចវិលត្រលប់ទៅរកភាពដើមវិញឡើយ។
៥.ខ្លាចចាញ់កូន
ក្រោយពីឃើញ និងឮបទពិសោធន៍អាការៈចាញ់កូនរបស់អ្នកម្តាយជាច្រើន ដូចជាការឈឺក្បាល វិលមុខ អស់កម្លាំង និងក្អួតមិនឈប់ ធ្វើឲ្យស្ត្រីមួយចំនួនមានចិត្តរារែកមិនចង់ស្ថិតក្នុងស្ថានភាពបែបនេះឡើយ។
៦.នៅពេលមានផ្ទៃពោះ មានបម្រាមច្រើន
ព្រោះតែមានកូនតូចនៅក្នុងផ្ទៃ អ្នកម្តាយត្រូវហាមឃាត់ពាក់ទ្រនាប់ជើងដែលមានកែងខ្ពស់ មិនត្រូវរត់ មិនត្រូវលើករបស់ធ្ងន់ៗ មិនត្រូវលេងកីឡា មិនត្រូវគេងផ្ងារ មិនត្រូវផឹកស្រា ឬមិនត្រូវផឹកថ្នាំផ្តេសផ្តាស់ជាដើម។ គ្រាន់តែឮការហាមប្រាមបែបនេះ ធ្វើឲ្យស្ត្រីមួយចំនួនមិនចង់បានកូនឡើយ។
៧.ខ្លាចការឈឺចាប់ពេលសម្រាល
ខណៈពេលដែលការសម្រាលខ្លះចំណាយពេលត្រឹមតែ ១ទៅ២ម៉ោងប៉ុណ្ណោះ តែភាគច្រើនមិនបានស្រួល ហើយរហ័សបែបនេះទេ។ អ្នកម្តាយខ្លះត្រូវអត់ទ្រាំការឈឺចាប់អស់ជាច្រើនថ្ងៃ ទើបអាចសម្រាលដោយជោគជ័យ។
ក្រៅពីនេះនៅមានរឿងមួយចំនួនទៀត ដូចជាការមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមខ្លួនធ្វើជាម្តាយគេ ខ្លាចជំងឺហ្សែនឆ្លងទៅកាន់កូន និងការឈឺចាប់ក្នុងសុដន់ពេលកូនបៅ ក៏ជាបញ្ហាមួយដែលធ្វើឲ្យស្ត្រីមួយចំនួនតូចនៅមានភាពស្ទាក់ស្ទើរក្នុងការយកកូនដែរ៕