ការតាមដានទៅលើលាមកទារក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះអ្នកអាចដឹងថាពួកគេកំពុងតែមានសុខភាពល្អឬអត់ ដើម្បីនាំទៅមន្ទីពេទ្យបានទាន់ពេលវេលា។ ខាងក្រោមនេះ ជារបៀបសង្កេតមើលលាមកទារក ដើម្បីដឹងថាពួកគេមានសុខភាពល្អឬយ៉ាងណា៖
ជំហ៊ានទី១ ពិនិត្យមើលប្រេកង់នៃការបន្ទោរបង់
អ្នកត្រូវចេះតាមដានមើលថាតើ ទារកបន្ទោរបង់ញឹកញាប់ប៉ុណ្ណា។ ប្រសិនបើពួកគេបន្ទោរបង់ច្រើនជាង២ដងក្នុងមួយថ្ងៃ អ្នកត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម ព្រោះពោះវៀនរបស់ពួកគេអាចនឹងមានបញ្ហា។ ប៉ុន្តែសម្រាប់ទារកដែលមានអាយុទើបតែបាន ១ទៅ២ខែ ការបន្ទោរបង់ច្រើនជារឿងធម្មតា។
ជំហ៊ានទី២ ពិនិត្យមើលភាពរឹងរបស់ទារក
សូមពិនិត្យមើលលាមកទារកដោយប្រុងប្រយ័ត្ន ប្រសិនបើរយៈពេល ២ទៅ៣ ថ្ងៃពួកគេបន្ទោរបង់ម្តង ហើយមានភាពរឹងពិបាកបញ្ចេញចោល បានន័យថាពួកគេកំពុងតែជួបបញ្ហាទល់លាមកហើយ។
ជំហ៊ានទី៣ ត្រូវពិនិត្យមើលពណ៌លាមក
សូមកត់សម្គាល់ពីពណ៌នៃលាមករបស់ទារក ព្រោះពួកគេអាចមានឥទ្ធិពលពីការញ៉ាំអាហារ និងបញ្ហាប្រព័ន្ធរំលាយអាហារ។ ក្នុងករណីដែលលាមកមានពណ៌ខ្មៅ មានលាយឈាម ឬមានពណ៌សៗដូចសំបោរ អ្នកគួរតែប្រញាប់បញ្ចូនពួកគេទៅមន្ទីរពេទ្យភ្លាម។
ចំណាំ៖ ដំណាក់កាលដំបូងនៃការបំបៅដោះ ទារកអាចបន្ទោរបង់ច្រើនរហូតដល់ ១០ដងក្នុងមួយថ្ងៃក៏មានដែរ៕