តួនាទី​លោកឪពុក​ក្នុងការ​ចិញ្ចឹម​កូន​ក្រោយពេល​ភរិយា​សម្រាលកូន​រួច

0
5

លោកឪពុក​ជាច្រើន​នាក់​តែង​យល់​ខុស​មកជា​និច្ច​ថា ខ្លួនឯង​ស្ទើរតែ​គ្មាន​តួនាទី​អ្វី​ឡើយ​ក្នុងការ​រួមចំណែក​ឱ្យ​កូនតូច​សម្លាញ់​បាន​បៅ​ទឹកដោះ​ម្តាយ​យ៉ាង​ពេញលេញ​បរិបូរណ៍​នោះ ព្រោះ​តួនាទី​ទាំងអស់ អ្នក​ម្តាយ ឬ​ភរិយា​ជា​អ្នកទទួល​ធ្វើ​តែម្នាក់ឯង​ទាំង​អស់ហើយ តែ​យើង​សូម​ប្រាប់​នៅពេលនេះ​ថា…គឺជា​ការគិត​ដែល​ខុសស្រឡះ។ ឪពុក​ក៏​ជា​មនុស្ស​សំខាន់​ប្រហាក់ប្រហែល​នឹង​ម្តាយ​ដែរ ក្នុង​ការជួយ​ឱ្យ​ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​ទទួលបាន​ជោគជ័យ និង​កន្លងផុតទៅ​យ៉ាង​ល្អ ព្រោះ​ឪពុក​គឺជា​ជំនួយការ​លេខ​មួយ​របស់​ម្តាយ​ក្នុង​រឿង​ដូចតទៅ​នេះ ៈ

 

1 – ជួយ​មើលថែទាំ​កូនច្បង ខណៈដែល​ភរិយា​បំបៅ​ទឹកដោះ​កូន​ប្អូន។

2 – ជួយ​បីកូន​តូច លួងលោម​ឱ្យ​បាត់​យំ លេង​ជាមួយ​កូន ខណៈដែល​ភរិយា​កំពុង​គេង​សម្រាក​យក​កម្លាំង។

3 – ជួយ​លាង​សម្អាត និង​ចំហុយ​ដប​ទឹកដោះគោ​សម្លាប់​មេរោគ ជួយ​ភរិយា​ធ្វើ​ការងារ​ផ្ទះ ដើម្បី​កុំឱ្យ​ភរិយា​មិនចាំបាច់​នឿយហត់​ខ្លាំងពេក។

 

4 – ជួយ​លើក​កូនតូច​សម្លាញ់​បី​ឡើង​ដើម្បី​ឱ្យបាន​ភើ​បន្ទាប់ពី​បៅ​ទឹកដោះ​ម្តាយ​រួច ជួយ​លាង​សម្អាត​គូទ ផ្អូ​ត​ទឹក​កូន​ជំនួសអ្នក​ម្តាយ​នៅពេល​ខ្លះ​ដែល​ភរិយា​មិន​ទំនេរ។

5 – ជួយ​រក​អាហារ​ដែលមាន​ប្រយោជន៍​មកឱ្យ​ភរិយា​ញ៉ាំ​ដើម្បី​បង្កើន​គុណភាព​ទឹកដោះ។

6 – នាំ​ភរិយា​ទៅ​ដើរលេង​កំសាន្ត សម្រាក​លំហែកាយ ព្រោះ​នៅពេលដែល​ភរិយា​មាន​សេចក្តីសុខ ទឹកដោះ​នឹង​ផលិត​ចេញមក​ច្រើន។

 

7 – ជួយ​អធិប្បាយ ផ្តល់ដំណឹង​យ៉ាង​សុភាព​ទន់ភ្លន់ តែ​ទទួលបាន​ផល​ល្អ ទៅ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ជាពិសេស​ចាស់ទុំ​ខាង​ស្វាមី​ខ្លួនឯង ឱ្យបាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ​អំពី​ការជួយ​ភរិយា​ក្នុងការ​មើលថែទាំ​កូនតូច​នេះ។

8 – និយាយ​លើកទឹកចិត្ត និង​សរសើរ​ភរិយា​ឱ្យបាន​ញឹកញាប់ សម្រាប់​ការលះបង់​ដែល​ភរិយា​ខំ​ពុះពារ​ព្យាយាម​ក្នុងការ​បំបៅ​ទឹកដោះ​កូន មិនថាតែ​ការ​សុខចិត្ត​អត់ងងុយ ភ្ញាក់ឡើង​មកឱ្យ​កូនបៅ​ទឹកដោះ​ញឹកញាប់​រៀងរាល់​យប់ ទ្រាំ​ឈឺចាប់​នៅពេល​ក្បាលដោះ​បែក ឬ​រលាក​ជាដើម និង​ការ​តម​អាហារ​ជាច្រើន​យ៉ាង​ក្នុងករណី​ដែល​កូនតូច​មានប្រតិកម្ម​ចាញ់​ជាមួយ​ក្រុ​ប្រូ​តេ​អុ​ី​ន​ប្រថុយប្រថាន​មួយចំនួន។

9 – ជួយ​ថើប​ថ្ពាល់​ភរិយាថ្នមៗឱ្យបាន​ញឹកញាប់ ដើម្បីឱ្យ​អ្នក​ម្តាយ​មាន​កម្លាំងចិត្ត​ក្នុងការ​បំបៅ​ទឹកដោះ​កូន​ក្នុងពេលបន្តៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here