វាជារឿងអស្ចារ្យបំផុតសម្រាប់មនុស្សស្រីគ្រប់រូប ដែលត្រូវពពោះអស់រយៈពេល៩ខែ ព្រោះត្រូវឆ្លងកាត់ឧបសគ្គរាប់រយជំពូក ដែលប្រុសៗគ្មានថ្ងៃយល់ឡើយ។ តែទន្ទឹមនឹងភាពលំបាកត្រូវបានបញ្ចប់ មានរឿងមួយចំនួនដែលធ្វើឲ្យមនុស្សស្រី ចង់ចាំំមួយជីវិត។
១.បែកទឹកភ្លោះ
នៅពេលបែកទឹកភ្លោះភ្លាម ស្ត្រីមានផ្ទៃពោះច្បាស់ជាភ័យផង អផង ហើយប្រញ៉ាំប្រញាល់ទៅមន្ទីរពេទ្យភ្លាម ព្រោះវាជាពេលវេលាដែលកូនជិតកើតមកហើយ។ ភាពភ័យខ្លាចលាយលំជាមួយនឹងភាពរំភើបនេះហើយ ដែលធ្វើឲ្យមនុស្សស្រីទាំងឡាយចង់ចាំក្នុងចិត្តមិនអាចភ្លេចបានឡើយ។
២.ឈឺពោះសម្រាលកូន
នៅពេលសម្រាលកូន ទោះបីជាស្ត្រីមានផ្ទៃពោះប្រើថ្នាំបំបាត់ការឈឺចាប់ ឬក៏អត់ ក៏នៅតែមានការឈឺចាប់ ហើយពិបាកក្នុងខ្លួនណាស់។ តែទោះបីជាទម្ងន់នៃការឈឺចាប់ខ្លាំងប៉ុណ្ណោះ ឬឈឺរហូតបង្ហូរទឹកភ្នែក ក៏អ្នកស្ត្រីអត់ទ្រាំបានដែរ ដើម្បីឃើញមុខកូនជាទីស្រលាញ់ចាប់កំណើតប្រកបដោយសុវត្ថិភាព។ នេះជាហេតុផល ដែលធ្វើឲ្យស្ត្រីទាំងឡាយនៅតែចង់ចាំក្នុងចិត្តរហូត។
៣.ឃើញមុខកូនជាលើកដំបូង
ការឃើញមុខកូនជាលើកដំបូង គឺជាពេលវេលាដ៏រំភើបបំផុតសម្រាប់មនុស្សស្រីមានផ្ទៃពោះគ្រប់រូប ដែលទន្ទឹមរងចាំអស់រយៈពេល៩ខែពេញ។ បើទោះបីជាការសម្រាលមានការឈឺចាប់ ខ្សោះអស់កម្លាំងពីរាងកាយក៏ដោយ តែបើបានឃើញមុខកូនភ្លាមភាពលំបាកទាំងនោះ នឹងប្រែជាធូស្រាលឡើងវិញភ្លាម។ អារម្មណ៍បែបនេះហើយ ដែលធ្វើឲ្យស្ត្រីចង់ចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។
៤.ពេលវេលាដាក់ទារកលើដើមទ្រូង
បន្ទាប់ពីបានឃើញមុខកូនហើយ ការដាក់កូននៅលើដើមទ្រូងដោយផ្ទាល់គឺកាន់តែអ្នកម្តាយមានអារម្មណ៍រំភើបខ្លាំងថែមទៀត ព្រោះវាអាចជួយផ្តល់ភាពកក្តៅ បង្កើនភាពស្និទស្នាល ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះម្តាយ និងទាំងទារក។ សូម្បីតែគ្រូពេទ្យនៅតាមមណ្ឌល់សុខភាព ឬនៅមន្ទីរពេទ្យឯកជននានាក៏លើកទឹកចិត្តឲ្យដាក់ទារកនៅលើដើមទ្រូងម្តាយដោយផ្ទាល់ ក្រោយពេលកើតមកភ្លាមដែរ។
៥.មើលមុខស្វាមិដែលបីកូនជាលើកទីមួយ
នេះជាពេលវេលាដែលធ្វើឲ្យស្ត្រីមិនអាចបំភ្លេចបានមួយទៀត ព្រោះពួកគេនឹងមានអារម្មណ៍រំភើប ហើយកាន់តែកក្តៅព្រោះមានស្វាមីនៅក្បែរ និងមានភាពស្និតស្នាលជាមួយកូនដែលពួកគេខំបង្កើតជាមួយគ្នា៕