វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលអ្វីទេ ដែលផ្លែប៉ោមល្អចំពោះសុខភាពរបស់អ្នកនោះ ប៉ុន្តែអ្វីដែលអ្នកត្រូវតែដឹងនៅពេលនេះគឺថា តើផ្លែប៉ោមមានគុណប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាពរបស់អ្នក?
មានជាតិកូទ្បេស្តេរ៉ុលទាប
ជាមធ្យមផ្លែប៉ោមមួយ មានផ្ទុកនូវជាតិសរសៃចំនួនបួនក្រាម ដែលសារជាតិនេះ អាចមានទំនាក់ទំនងក្នុងការជួយកាត់បន្ថយកម្រិត LDL ជាកូទ្បេស្តេរ៉ុលមិនល្អ នៅក្នុងសារពាង្គកាយ។
កាត់បន្ថយការឃ្លាន
ជាតិសរសៃ និងសារធាតុរ៉ែដ៏ល្អក្នុងផ្លែប៉ោម ជាសារធាតុចិញ្ចឹមដ៏ចាំបាច់ ដែលអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ថា ឆ្អែតបានយូរ។
ទទួលបានរាងស្អាត
សមាសភាគក្នុងសំបកផ្លែប៉ោមមួយ ត្រូវបានហៅថា អាស៊ីត ursolic មានតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យថយចុះហានិភ័យនៃជំងឺធាត់ ដែលជួយឲ្យអ្នកមានរាងស្អាត។
ការពារជំងឺផ្លូវដង្ហើម
តាមការសិក្សាបានឲ្យដឹងថា ការបរិភោគផ្លែប៉ោមលើសពីចំនួនប្រាំផ្លែក្នុងមួយសប្ដាហ៍ អាចជួយបង្កើនមុខងាររបស់សួតឲ្យមានភាពប្រសើរទ្បើង ដែលជំនួយដល់ការដកដង្ហើមរបស់អ្នកបានស្រួល។
ព្យាបាលជំងឺផ្ដាសាយ
ផ្លែក្រូច និងប៉ោម ជាប្រភពនៃជាតិវីតាមីន C ដ៏ល្អបំផុត សម្រាប់ជួយពង្រឹងប្រព័ន្ធភាពសុំា ដើម្បីប្រឆាំងនឹងការកើតជំងឺផ្ដាសាយ។
ប្រឆាំងជំងឺមហារីក
កាលពីឆ្នាំ ២០០៤ ការស្រាវជ្រាវរបស់ប្រទេសបារាំង បានរកឃើញថា សារធាតុគីមីនៅក្នុងផ្លែប៉ោម អាចជួយទប់ស្កាត់ការកើតជម្ងឺមហារីកពោះវៀនធំបាន។ បន្ទាប់មកក្នុងអំទ្បុងឆ្នាំ ២០០៧ ការសិក្សាក៏បានរកឃើញពីសមាសធាតុបន្ថែមទៀត នៅក្នុងផ្លែប៉ោមហៅថា triterpenoids ដែលសារធាតុនេះ អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកថ្លើម ពោះវៀនធំ និងសុដន់។
កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម
ការសិក្សាមួយនៅឆ្នាំ ២០១២ បានចេញផ្សាយនៅក្នុងកាសែតគ្លីនិកអាហារូបត្ថម្ភ របស់សហរដ្ឋអាមេរិកបានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិ anthocyanins ក្នុងផ្លែប៉ោមក៏ដូចជា ផ្លែព័រ ឬផ្លែ blueberries អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមដំណាក់កាលទី២។
បង្កើនថាមពលខួរក្បាល
ការបរិភោគផ្លែប៉ោមមិនត្រឹមតែជួយបង្កើនថាមពលខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនួយដល់ការចងចាំ និងកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺភ្លេចភ្លាំងទៀតផង៕