តើអ្នកជឿទេសរីរាង្គរបស់មនុស្សអាចបណ្តុះនៅក្នុងខ្លួនជ្រូកបាន? បច្ចុប្បន្ននេះ សរីរាង្គមនុស្សកាន់តែមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចំនួនអ្នកជំងឺដែលត្រូវការវះកាត់ប្តូរសរីរាង្គដើម្បីបន្តជីវិត មានមិនឈប់។ ជារៀងរាល់១០នាទី មានមនុស្សម្នាក់កំពុងតែរង់ចាំការបរិច្ចាគសរីរាង្គ ដើម្បីវះកាត់ផ្លាស់ប្តូរចេញ។ កត្តានេះហើយ ដែលជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ខំប្រឹងរកឃើញវិធីគ្រប់បែបយ៉ាង រហូតឈាមដល់ការបណ្តុះសរីរាង្គមនុស្ស នៅក្នុងខ្លួនសត្វជ្រូកបានជោគជ័យ។
ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា នេះជាការបង្កាត់អំប្រ៊ីយ៉ុងរបស់សត្វជ្រូក ជាមួយនឹងការចាក់បញ្ចូលកោសិការបស់មនុស្ស។ ដំណើរការនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយសារតែកោសិការបស់មនុស្សមានសមត្ថភាពអាចរស់នៅ និងលូតលាស់ក្នុងខ្លួនសត្វជ្រូកបានយ៉ាងល្អ។
អ្នកវិទ្យាសាស្ត្របានបន្តទៀតថា គម្រោងនេះ ក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាសរីរាង្គដែលដុះក្នុងខ្លួនសត្វជ្រូក អាចមានទំហំខុសធម្មតាពីសរីរាង្គរបស់មនុស្ស ដែលតម្រូវឲ្យពួកគេធ្វើការស្រាវជ្រាវបន្ថែមទៀត។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រមានក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងសម្រេចបាន ១០០ភាគរយ នៅពេលអនាគត។
ប្រសិនបើជាគម្រាងនេះជោគជ័យ មនុស្សដែលត្រូវការសរីរាង្គ ក្នុងការវះកាត់ផ្លាស់ប្តូរដើម្បីបន្តជីវិត ប្រាកដជាមិនចាំបាច់ដេកអស់សង្ឃឹម និងព្រួយបារម្ភ ក្នុងការរង់ចាំការបរិច្ចាគសរីរាង្គទៀតឡើយ៕