គ្មានស្ត្រីរូបណាដែលមិនចង់បានសក់ស្អាត ទន់រលោងគួរឲ្យចង់ស្ទាប់អង្អែលនោះទេ ក៏ប៉ុន្តែដោយសារតែការថែទាំមិនបានត្រឹមត្រូវ កង្វះអាហារូបត្ថម្ភ ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងការប្រើប្រាស់ផលិតផលគីមីផ្សេងៗ ធ្វើឲ្យសក់របស់ពួកគេប្រែក្លាយទៅជាខូច។
តើធ្វើគួរធ្វើដូចម្តេចទៅទើបអាចដោះស្រាយបញ្ហាមួយនេះបាន? បើយោងតាមគេហទំព័រ naturalmedicinebox បង្ហាញថា មានវីធីធម្មជាតិ៣ប្រភេទដែលអាចជួយព្យាបាលសក់ខូច ឲ្យរស់រវើកឡើងវិញបាន ហើយគ្មានផលប៉ះពាល់ឡើយ។
១.ម៉ាស្សាដោយប្រើប្រេងក្តៅឧណ្ឌៗ
ការម៉ាស្សាស្បែកក្បាលមិនត្រឹមតែជួយបំបាត់ភាពតានតឹងនោះទេ វាថែមទាំងជួយរំញោចដល់ឬសក់ ហើយបង្កើនចរាចរឈាមថែមទៀត។ ក្នុងការម៉ាស្សានេះ អ្នកអាចប្រើប្រាស់ប្រេងដូង ឬប្រេងអូលីវ កំដៅឲ្យក្តៅឧណ្ឌៗ បន្ទាប់មកម៉ាស្សាចំនួន៣០នាទី ទើបលាងសម្អាតចេញ។ អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ សក់របស់នឹងឆាប់ទទួលបានភាពទន់រលោងដូចប្រាថ្នា។
២.ប្រេងដូង និងទឹកដោះគោជូរ
អ្នកប្រាដកជាដឹងហើយថា ប្រេងដូង និងទឹកដោះគោជូរ សុទ្ធតែមានអត្ថប្រយោជន៍ថែរក្សាសម្រស់ដូចគ្នា។ ជាពិសេសនៅពេលដែលរបស់ទាំងពីរមុខនេះរួមបញ្ចូលគ្នាអាចជួយថែបំប៉នសក់យ៉ាងមានប្រសិទ្ធភាព។ សូមលាយ ទឹកដោះគោជូរ ប្រេងអូលីវ និងទឹកឃ្មុំ ក្នុងបរិមាណស្មើគ្នា ហើយលាបនៅលើស្បែកក្បាលឲ្យសព្វ ក្រោយរយៈពេល១៥នាទី អ្នកត្រូវលាងសម្អាតជាមួយនឹងសាប៊ូ។ សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ សក់របស់អ្នកនឹងប្រែជាភ្លឺលោង ហើយស្រស់ស្អាតជានិច្ច។
៣.ស៊ុតស
នេះគឺជាវិធីសាមញ្ញជាងគេបំផុត នៅក្នុងចំណោមវិធីទាំងអស់ ដោយគ្រាន់អ្នកគោះស៊ុតពីរគ្រាប់យកតែស៊ុតសបានហើយ បន្ទាប់មកលាយជាមួយនឹងប្រេងអូលីវ២ស្លាបព្រាបាយ។ បន្ទាប់ពីកូរឲ្យក្លាយជាល្បាយតែមួយ អ្នកត្រូវលាបពីលើស្បែកក្បាលដល់ចុងសក់ ហើយទុកចោលរយៈពេល ៣០នាទីទើបលាងសម្អាតចេញ។ វិធីនេះអាចជួយឲ្យសក់ភ្លឺចែងចាំង ហើយទន់រលោងភ្លាមៗ ប៉ុន្តែអ្នកត្រូវអនុវត្តជាប្រចាំយ៉ាងហោចណាស់ ៣ទៅ៤ដងក្នុងមួយសប្តាហ៍ដែរ៕