បើយោងតាមអ្នកជំនាញ Mac Lien មកពីគ្លីនិកអាហារូបត្ថម្ភនៃសាកលវិទ្យាល័យ Shanghai Jiaotong University ប្រទេសចិន បានបង្ហាញថា ស៊ុតមាន់ គឺជាអាហារដ៏ពេញនិយមបំផុត និងមានតម្លៃអាហារូបត្ថម្ភខ្ពស់សម្រាប់សុខភាព។ ស៊ុតមាន់ មានផ្ទុកប្រូតេអ៊ីន ប្រហែលជា ១៣ភាគរយ ខ្លាញ់ ១០ភាគរយ ទៅ ១៥ភាគរយ កាបូអ៊ីដ្រាតទាប និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត។
អ្នកឯកទេសបានណែនាំថា មនុស្សម្នាក់គួរញ៉ាំស៊ុតមាន់ចាប់ពី ៤០ ទៅ ៥០ក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែសម្រាប់មនុស្ស ៤ក្រុមនេះវិញ គួរតែញ៉ាំ ១ ទៅ ២គ្រាប់ក្នុងមួយថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព។
ក្មេងជំទង់
មនុស្សវ័យជំទង់ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលលូតលាស់ ត្រូវការថាមពល និងអាហារូបត្ថម្ភច្រើនជាងមនុស្សពេញវ័យ។
ការទទួលទានអាហាររូបត្ថម្ភបានគ្រប់គ្រាន់ នឹងរួមចំណែកដល់ការអភិវឌ្ឍរាងកាយ និងផ្លូវចិត្តរបស់ក្មេងវ័យជំទង់។ នេះក៏ជាមធ្យាបាយមួយ ដែលអាចរក្សាក្រុមក្មេងវ័យជំទង់ឲ្យមានសុខភាពល្អនៅពេលក្រោយផងដែរ។
ស៊ុតមាន់ ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ដែលជារបបអាហារចាំបាច់សម្រាប់ក្មេងវ័យជំទង ដូច្នេះចូរព្យាយាមស៊ុត មួយថ្ងៃ១គ្រាប់ និងញ៉ាំជាប្រចាំ។
ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន
ស្ត្រីមានផ្ទៃពោះ ត្រូវការថាមពល ប្រូតេអ៊ីន ជាតិកាល់ស្យូម ជាតិដែក អ៊ីយ៉ូត និងអាស៊ីតហ្វូលិក កើនឡើងខ្ពស់។ ព្រោះរាងកាយស្ត្រីមានផ្ទៃពោះ ត្រូវការផ្ទុកជាតិខ្លាញ់ និងសារធាតុចិញ្ចឹមផ្សេងៗក្នុងការរៀបចំសម្រាប់សម្រាលកូន និងសម្រាប់ផលិតទឹកដោះ។
ស៊ុត សម្បូរទៅដោយសារធាតុ choline ដែលអាចជួយលើកកម្ពស់ការអភិវឌ្ឍខួរក្បាល និងការរីកចម្រើននៃការចង់ចាំ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលសម្រាប់ទារកក្នុងផ្ទៃ និងទើបនឹងកើត។
មនុស្សវ័យចំណាស់
នៅពេលឈានដល់វ័យចំណាស់ មុខងារខួរក្បាលរបស់មនុស្សគ្រប់រូបតែងតែមានចុះខ្សោយការរំលាយអាហារយឺត កម្រិតអ័រម៉ូនមានការប្រែប្រួល មានការឈឺចាប់សាច់ដុំ…។ ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហាទាំងអស់នេះ អ្នកគួរតែទទួលទានអាហារដែលសម្បូរប្រូតេអ៊ីន ដូចជាស៊ុត ជាប្រចាំ។
អ្នកមានជំងឺខ្វាក់មាន់
ស៊ុតមាន់ សម្បូរទៅដោយវីតាមីន A វីតាមីន D វីតាមីន B ។ វីតាមីន A ត្រូវបានរួមចំណែកក្នុងការសំយោគ និងកសាងភ្នាសកោសិកាភ្នែកឡើងវិញ ដើម្បីរក្សាការមើលឲ្យត្រលប់មកធម្មតា ។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាងងឹតមាន់ គួរតែទទួលទានស៊ុតមាន់ ជាប្រចាំ៕