តើអ្នកចូលចិត្តគេងឃ្លុំភួយណាស់មែនទេ? ការគេងឃ្លុំភួយ គឺជាវិធីសាស្ត្រមួយដែលអាចជួយបិតបាំងពន្លឺ ឬសំលេងរំខាននៅពេលគេង។ ប៉ុន្តែទម្លាប់បែបនេះមិនល្អសម្រាប់សុខភាពឡើយ ជាពិសេសខួរក្បាលតែម្តង។ ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួនដែលបង្កឡើងដោយសារតែទម្លាប់គេងឃ្មុំភួយ៖
ប៉ះពាល់ខួរក្បាល
ការសិក្សាមួយបានបង្ហាញថា ២៣ភាគរយ នៃអ្នកជំងឺវង្វេងកើតឡើងដោយសារតែលំហូរខ្យល់តាមមាត់ និងច្រមុះត្រូវបានរាំងស្ទះ។ នៅក្នុងភួយ អុកស៊ីសែនមានតិចតួចណាស់ ហើយចំនួនកាបូនឌីអុកស៊ីតកើនឡើងខ្ពស់ ហេតុនេះសរីរាង្គកាយមិនអាចទទួលបានខ្យល់គ្រប់គ្រាន់ឡើយ។ ទីបំផុតសរីរាង្គដែលទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេ គឺខួរក្បាល នេះឯង។
ឆ្លងបាក់តេរី
គ្មាននរណាម្នាក់ឧស្សាហ៍ដល់ថ្នាក់បោកគត់ភួយ រាល់ថ្ងៃនោះទេ ដូច្នេះពួកវាអាចកកកុញទៅដោយភាពកខ្វក់ និងបាក់តេរីជាច្រើន។ នៅពេលដែលអ្នកគេងឃ្លុំភួយ ពេញមួយយប់ បាក់តេរីនឹងចូលទៅក្នុងខ្លួនតារយៈខ្យល់ដកដង្ហើមយ៉ាងងាយ ហើយទីបំផុតសុខភាពនឹងទទួលរងនូវផលប៉ះពាល់ជាខ្លាំង។
ចំពោះភួយថ្មី ក៏មិនមានសុវត្ថិភាពដែរ ព្រោះវាមានផ្ទុកសារធាតុគីមីដែលបង្កឲ្យមានគ្រោះថ្នាក់ នៅពេលដែលអ្នកដណ្តប់ជិតដល់ក្បាល។
ពិបាកដកដង្ហើម
នៅពេលអ្នកគេងឃ្លុំភួយ អ្នកនឹងពិបាកស្រូបយកខ្យល់ចេញចូល ហើយគេងក៏មិនសូវលក់ថែមទៀត។ ជាពិសេស ប្រសិនបើអ្នកកំពុងតែមានបញ្ហាពិបាកដកដង្ហើម ឬគេងមិនលក់ កុំដណ្តប់ភួយដល់ក្បាលឲ្យសោះ។
បើសិនជាអាចគួរតែជៀសវាងយកភួយគ្រប់ក្បាលឲ្យសោះនៅពេលគេង ហើយសូម្បីតែកន្សែងក៏ដូចគ្នាដែរ៕