សក់ គឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយលើកកម្ពស់សម្រស់បានមួយកម្រិតដែរ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាសក់ស្កូវមុនអាយុវិញនោះ វាត្រឹមតែធ្វើឲ្យអ្នកមើលទៅចាស់ជាងវ័យនោះទេ អ្នកក៏ជាក្តីអាម៉ាស់មួយផងដែរ។
មនុស្សជំនាន់មុនមានអាយុ៤០ទៅ៥០ឆ្នាំ ទើបសក់ចាប់ផ្តើមមានស្កូវមួយៗ ប៉ុន្តែមនុស្សបច្ចុប្បន្ននេះវិញ អាយុ៣០ឡើងទៅ គឺឃើញស្កូវបណ្តើរៗហើយ។ ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហាសក់ស្កូវមុនអាយុ អ្នកត្រូវផ្លាស់ប្តូររបៀរស់នៅប្រចាំថ្ងៃ ជាពិសេសត្រូវជ្រើសរើសអាហារដែលអាចជួយថែបំប៉នដល់សរសៃសក់។
បើយោងតាមអ្នកជំនាញផ្នែកសុខភាពនៅប្រទេសចិន បានបង្ហាញថា មានអាហារ៤ប្រភេទ ដែលអាចជួយរក្សាសក់ឲ្យមានពណ៌ខ្មៅបានយូរ និងបង្ការមិនឲ្យសក់ស្កូវមុនអាយុ ប្រសិនបើអ្នកញ៉ាំជាប្រចាំ។
១.ការ៉ុត
ប្រភពដ៏សំខាន់បំផុតនៃវីតាមីន A នៅក្នុងមើមការ៉ុត មានសមត្ថភាពជួយលើកកម្ពស់ដល់សុខភាពស្បែកក្បាល និងធ្វើឲ្យសក់មានភាពភ្លឺរលោងជានិច្ច។
២.អយស្ទ័រ
អាហារសមុទ្រមួយប្រភេទនេះមិនត្រឹមតែជំនួយដល់ផ្លូវភេទតែមួយមុខនោះទេ សារធាតុស័ង្កសីរបស់វាគឺមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យ។ ហេតុនេះការទទួលទាន អយស្ទ័រ ញឹកញាប់អាចជួយថែបំប៉ន និងចិញ្ចឹមសរសៃសក់ឲ្យមានសុខភាពល្អ។
៣.ស៊ុត
ស៊ុត គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះវាមានរស់ជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការចម្អិនថែមទៀត។ លើសពីនេះស៊ុត មានផ្ទុកប្រូតេអ៊ីន វីតាមីន B12 និងវីតាមីន H ដែលជាសារធាតុល្អបំផុតសម្រាប់ការថែរក្សាសក់។
៤.បន្លែបៃតង
បន្លែបៃតងដូចជា ស្ពៃ ផ្តាខាត់ណាពណ៌ខៀវ ស្លឹកបាក ផ្ទី… សុទ្ធតែជាអាហារដ៏ល្អសម្រាប់អ្នកដែលខ្វះវីតាមីន A និងC។ មិនតែប៉ុណ្ណោះ សារធាតុរអិលៗនៅក្នុងបន្លែបៃតងទាំងនេះ មានជួយរក្សាឬសសក់ឲ្យមានសុខភាពល្អ តាមបែបធម្មជាតិ។