តើអ្នកដឹងទេថា ក្រពេញទីរ៉ូអ៊ីត មានសារៈសំខាន់ខ្លាំងប៉ុណ្ណាចំពោះរាងកាយ? ក្រពេញទីរ៉ូអ៊ីត មានទីតាំងស្ថិតនៅតំបន់ក ផ្នែកខាងមុខ ហើយមានតួនាទីគ្រប់គ្រងមុខងារមួយចំនួននៃរាងកាយដូចជា សីតុណ្ហភាព ការដកដង្ហើម ចង្វាក់បេះដូង ទម្ងន់ ហើយសូម្បីតែវដ្តរដូវចំពោះស្ត្រីជាដើម។
ដូច្នេះ យើងគ្រប់គ្នាគួរតែចេះថែរក្សាសរីរាង្គដ៏សំខាន់មួយនេះឲ្យបានល្អ តាមរយៈការហូបអាហារមួយចំនួនដូចខាងក្រោម៖
១.ទឹកដោះគោយ៉ាងអួ
ទឹកដោះគោយ៉ាអួសម្បូរទៅដោយវីតាមីន D និង ប្រូបាយអូទិក ដែលអាចជួយថែរក្សាសុខភាពក្រពេញទីរ៉ូអ៊ីត។ វាអាចជួយរក្សាលំនឹងបាក់តេរីល្អនៅក្នុងពោះវៀន ដែលជារឿយៗត្រូវបានរំខានដោយភាពមិនស្មើគ្នានៃក្រពេញទីរ៉ូអ៊ីត។
២.ត្រីសាម៉ុន
ត្រីមួយប្រភេទនេះ ជាអាហារសមុទ្រដ៏ល្អបំផុត ដើម្បីលើកកម្ពស់ដល់ការរំលាយអាហារ។ ត្រីសាម៉ុន មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយបង្កើនគុណសម្បត្តិប្រឆាំងនឹងការរលាក។ ការសិក្សាមួយបានរកឃើញថា ការបរិភោគត្រីសាម៉ុន មានប្រសិទ្ធិភាពបំផុតក្នុងការកាត់បន្ថយការរលាក និងជួយសម្រកទម្ងន់ផងដែរ។
៣.តែបៃតង
តែបៃតងមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយបញ្ចេញកោសិកាខ្លាញ់ចេញពីរាងកាយ ហើយវាក៏អាចជួយបំលែងជាតិខ្លាញ់ក្នុងថ្លើមទៅជាថាមពលផងដែរ។ ដូច្នេះ ក្នុងមួយថ្ងៃ អ្នកគួរតែទទួលទានតែបៃតងឲ្យបាន ១ទៅ២ពែងជាប្រចាំ។
៤.ស៊ុត
ស៊ុត មានកាល់ឡូរីទាប មិនមានខ្លាញ់ និងមានប្រូតេអ៊ីនដែលមានប្រយោជន៍សម្រាប់ការរំលាយអាហារ។ ជាពិសេស ស៊ុតលឿង មានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុបំប៉នដូចជា វីតាមីនងាយរលាយ អាស៊ីតខ្លាញ់ និងខូលីន ដែលជួយជំរុញឲ្យថ្លើមានភាពសកម្ម។
បើយោងតាមាការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគស៊ុតក្នុងកម្រិតមធ្យម មិនមានឥទ្ធិពលអវិជ្ជមានទៅលើរាងកាយនោះទេ តែវាធ្វើឲ្យប្រព័ន្ធរាងកាយមានភាពប្រសើរឡើង។
៥.អាហារសម្បូរអ៊ីយ៉ូត
ដើម្បីទទួលបានជាតិអ៊ីយ៉ូតគ្រប់គ្រាន់នៅក្នុងរបបអាហារ អ្នកអាចញ៉ាំគ្រឿងសមុទ្រ បន្ថែមពីលើស៊ុត ស្ពៃ ខ្ទឹមស និងល្ង។
៦.ស័ង្កសី
សារធាតុស័ង្កសី មានសមត្ថភាពអាចជួយធ្វើការរំញោចដល់ក្រពេញទីរ៉ូអ៊ីត ឲ្យមានសុខភាពល្អ។ ហេតុនេះអ្នកគួរតែបន្ថែមផ្លែវ៉ាល់ណាត់ អាល់ម៉ុង ឬស្រូវសាលី ទៅក្នុងរបបអាហារជាប្រចាំ។
៧.ជាតិដែក
ជាតិដែក ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សុខភាពក្រពេញទីរ៉ូអ៊ីត។ ដូច្នេះ សូមបន្ថែមអាហារសមុទ្រដូចជា ខ្ចៅ ខ្ចង លៀស គ្រំ ងាវ អយស្ទ័រ បង្គា ឬក៏គ្រាប់ល្ពៅទៅក្នុងរបបអាហារឲ្យបានច្រើន៕