បើយោងតាមអ្នកជំនាញនៅប្រទេសកូរ៉ខាងត្បូង បានរកឃើញថា គីមឈី មានផ្ទុកបាក់តេរីល្អជាច្រើន ដែលអាចជួយរំលាយអាហារ ប្រឆាំងនឹងការរលាកពោះវៀនធំ ព្យាបាលជំងឺរលាកពោះវៀនធំ និងមានប្រសិទ្ធភាពការពារជំងឺមហារីក។ មិនតែប៉ុណ្ណោះ គីមឈី អាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត និងភាពតានតឹងក្នុងអារម្មណ៍ផងដែរ។
វេជ្ជបណ្ឌិត Jaeho Ha បានពន្យល់ថា អាហារដែលផ្សំឡើងពីស្ពៃបូកគោ ខ្ទឹមស និងម្ទេស នេះមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ វាមានផ្ទុកកាឡូរីទាប សម្បូរទៅដោយជាតិសរសៃ ដូច្នេះវាអាចជួយឲ្យដំណើរការរំលាយអាហារកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
លើសពីធាតុសំខាន់ៗមួយចំនួនទៀតដូចជា វីតាមីនA វីតាមីនB ជាតិដែក កាល់ស្យូម និង selenium អាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ ឈាមរត់បានល្អ ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយជំរុញដល់ការលូតលាស់សាច់ដុំ និងកាត់បន្ថយភាពចាស់។
អ្នកជំនាញបានបង្ហាញទៀតថា គីមឈី មានផ្ទុកសារធាតុ lactobacillus ដែលជាអ្នកបង្កើតបាក់តេរីល្អ បង្កើនការស្រូបយកសារធាតុចិញ្ចឹម និងប្រយុទ្ធប្រឆាំងជាមួយនឹងបាក់រីដែលបង្កគ្រោះថ្នាក់។ លើសពីនេះគីមឈី អាចកាត់បន្ថយចំណង់អាហារ និងកាត់បន្ថយជាតិស្ករក្នុងឈាម។ ដូច្នេះ វាក៏ជារបបអាហារដែលល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ផងដែរ។
ក្រៅពីនេះ វេជ្ជបណ្ឌិត Jaeho Ha បានថ្លែងទៀតថា ការទទួលទានគីមឈី អាចជួយកាត់បន្ថយជំងឺដ៏មានគ្រោះថ្នាក់ពីរយ៉ាង គឺជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមបេះដូង។ នេះក៏ដោយសារតែវាត្រូវបានគេផ្សំឡើងជាមួយនឹងខ្ទឹមស ដែលមានផ្ទុកសារធាតុ allicin និងselenium ។ សារធាតុទាំងពីរនេះ ជាថ្នាំទប់ស្តាត់កូឡេស្តេរ៉ុល និងការបង្កើតខ្លាញ់ក្នុងសរសៃឈាម។
សរុបមកវិញ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យមនុស្សគ្រប់គ្នាឧស្សាតេហ៍ទទួលទានគីមឈី ព្រោះជំងឺមហារីកពោះវៀនធំបច្ចុប្បន្ននេះកំពុងតែមានការកើនឡើងជាខ្លាំង បើធៀបទៅនឹងពីមុន៕