ជារឿយៗ អ្នកដែលមានរាងកាយស្គមស្គាំងខ្លាំងពេក មានការលំបាកក្នុងការស្រូបយកសារធាតុចិញ្ចឹម ខ្វះជាតិដែក អាស៊ីតហ្វូលិក វីតាមីន B12 ដូច្នេះអត្រានៃការរំលាយអាហារ មិនល្អដូចមនុស្សធម្មតាឡើយ។ ជាពិសេស អ្នកដែលស្គមស្គាំងពេក ឧស្សាហ៍កើតមានបញ្ហា វិលមុខ អស់កម្លាំង ហើយងាយប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើន…។
ខាងក្រោមនេះ ជាផលវិបាកគួរឲ្យខ្លាច៥យ៉ាងដែលបណ្តោលមកពីភាពស្គមស្គាំងខ្លាំងពេក៖
១.កើតជំងឺស្លេកស្លាំង ឬខ្វះឈាម
អ្នកដែលមានរាងកាយស្គមស្គាំងភាគច្រើន ងាយនឹងកើតជំងឺស្លេកស្លាំង ខ្លាំងណាស់ ព្រោះរាងកាយមិនអាចស្រូបយកជាតិដែក ដើម្បីបំពេញសរីរាង្គទាំងអស់បានគ្រប់គ្រាន់នោះទេ។
២.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
មនុស្សដែលមានប្រព័ន្ធភាពស៊ាំរឹងមាំ មិនសូវមានជំងឺមកបៀតបៀនឡើយ។ ផ្ទុយទៅវិញសម្រាប់អ្នកដែលមានរាងកាយស្គមពេក ធ្វើឲ្យសមត្ថភាពស្រូបយកសារធាតុចិញ្ចឹមថយចុះ ដែលបណ្តោលឲ្យប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ ហើយរាងកាយមិនអាចទប់ទល់នឹងជំងឺទូទៅបានទេ។
៣.បាត់បង់ការចង់ចាំ
នៅពេលដែលខួរក្បាលមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ការចង់ចាំនឹងមានដែនកំណត់ ហើយមុខងារនៃខួរក្បាល ក៏ចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗដែរ។
៤.ហានិភ័យគ្មានកូន
ចំពោះមនុស្សស្រីដែលស្គមពេក ធ្វើឲ្យការផលិតអ័រម៉ូន estrogen មានភាពខ្វះខាត ដែលជាហេតុនាំឲ្យឱកាសនៃការមានកូនត្រូវកាត់បន្ថយ។ ចំពោះបុរស បើស្គមខ្លាំងពេកអាចប៉ះពាល់ដល់គុណភាពនៃមេជីវិតឈ្មោល និងបរិមាណនៃមេជីវិតឈ្មោល។
៥.ងាយប្រឈមនឹងជំងឺពុកឆ្អឹង
អ្នកដែលមានរាងកាយស្គមស្គាំងខ្លាំងពេក ជារឿយៗបណ្តោលមកពីកង្វះវីតាមីន និងសារធាតុរ៉ែ ជាពិសេសកាល់ស្យូម និងវីតាមីន D ដែលអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹង អាចធ្វើឲ្យរាងកាយចុះខ្សោយ ឆ្អឹងងាយរលាក និងងាយបាក់បំផុត។
យកល្អ អ្នកស្គមខ្លាំងគួរតែព្យាយាមទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមឲ្យបានច្រើន ដើម្បីបំពេញតម្រូវការរាងកាយបានគ្រប់គ្រាន់ ហើយអ្នកក៏អាចជៀសផុតពីបញ្ហាដូចខាងលើដែរ៕