រាគរូស ជាជំងឺមួយប្រភេទដែលបណ្តោលឲ្យអ្នកមានអាការអស់កម្លាំង និងខ្វះជាតិទឹកពីក្នុងខ្លួន ចង់ធ្វើអ្វីក៏មិនកើតដែរ។ ប្រសិនបើអ្នកបណ្តោលឲ្យវាក្លាយជាជំងឺរ៉ាំរ៉ៃ អាចបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ហើយអាចគំរាមកំហែងដល់អាយុជីវិតថែមទៀត។ ដូច្នេះ ដើម្បីព្យាបាលជំងឺនេះ អ្នកគួរតែអនុវត្តគន្លឹះសាមញ្ញៗមួយចំនួន៖
១.ទទួលទានទឹក
អ្នកនឹងមិនត្រឹមតែបាត់បង់ជាតិទឹកក្នុងរាងកាយនោះទេ សូម្បីតែអេឡិចត្រូលីត្រ សារធាតុរ៉ែដូចជា ប៉ូតាស្យូម និងសូដ្យូម ក៏បាត់បង់ដែរ។
សារធាតុទាំងនេះ មានសារៈសំខាន់ណាស់ក្នុងដំណើរការនៃរាងកាយ។ ហេតុនេះអ្នកត្រូវប្រញាប់ស្តារវាឡើងវិញ តាមរយៈការទទួលទានទឹកឲ្យបានច្រើន។
ការទទួលទានទឹក ៨កែវក្នុងមួយថ្ងៃ គឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការបង្ការការខ្វះជាតិទឹកពីជំងឺរាគ។ ទោះបីជាទឹកធម្មតា មិនមានផ្ទុកសារធាតុអេឡិចត្រុងក៏ដោយ ក៏វានៅតែជាវិធីល្អសម្រាប់អ្នកជំងឺរាគដែរ។
២.ទឹកដោះគោយ៉ាអួ
ទឹកដោះគោយ៉ាអួ គឺជាជម្រើសដ៏ល្អសម្រាប់មនុស្សដែលមានជំងឺរាគ ដោយសារតែវាអាចជួយផលិតអាស៊ីត lactic នៅក្នុងពោះវៀន។ អាស៊ីត lactic នេះនឹងសម្លាប់បាក់តេរីមិនល្អ ដែលជួយឲ្យពោះវៀនឆាប់ជាសះស្បើយឡើងវិញ។
៣.សម្រាក
វិធីដ៏ប្រសើរមួយទៀត គឺការសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីព្យាបាលជំងឺរាគរូស ឲ្យកាន់តែលឿន និងមានប្រសិទ្ធភាព។ ប្រសិនបើរាងកាយទទួលបានភាពសុខស្រួល និងគ្មានសម្ពាធ ជំងឺរាគនឹងកាត់បន្ថយយ៉ាងខ្លាំងផងដែរ។
ដូច្នេះ ដើម្បីព្យាបាលជំងឺរាគរូស អ្នកគួរតែសម្រាកពីរទៅបីថ្ងៃ។ សូមព្យាយាមសម្រាកលើគ្រែ ហើយដាក់កន្សែង ឬស្អំទឹកក្តៅនៅលើពោះ ដើម្បីកាត់បន្ថយការឈឺចាប់៕