ស៊ុត ត្រូវបានប្រើប្រាស់ជាអាហារពេលព្រឹកដ៏ពេញនិយមបំផុតសម្រាប់មនុស្សនៅទូទាំងពិភពលោក ព្រោះវាងាយស្រួលក្នុងការចម្អិន មានរសជាតិឆ្ងាញ់ ហើយមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើនទៀត។ ក៏ប៉ុន្តែទោះបីជាស៊ុត ផ្តល់ប្រយោជន៍ចំពោះរាងកាយច្រើនថ្នាក់ណាក៏ដោយ ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៅវិញទេ។
ញ៉ាំស៊ុតលឿងច្រើនពេក
ការទទួលទានស៊ុតលឿងច្រើនពេក អាចនាំឲ្យបរិមាណនៃកូលេស្តេរ៉ុលក្នុងរាងកាយកើនឡើង។ ជាពិសេសអ្នកដែលមានជំងឺសរសៃឈាម ប្រសិនបើទទួលទានច្រើនពេកអាចប្រឈមនឹងជំងឺបេះដូងទ្វេដង។
មិនបានលាងសម្អាតមុនពេលចម្អិន
អ្នកជំនាញបានបង្ហាញថា នៅលើសំបកស៊ុតមានប្រហោងតូចៗ ដែលធ្វើឲ្យបាក់តេរី មេរោគផ្សិត និងធូលី ងាយជ្រាបចូលដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ជាពិសេសបាក់តេរី Salmonella អាចបណ្តោលឲ្យអ្នករោគ ក្អួត ចង្អោរ ក្រោយពេលបរិភោគ ១២ ទៅ ៣៦ម៉ោង។
ដូច្នេះ នៅពេលដែលអ្នកទិញស៊ុតនៅលើទីផ្សារ ឬស៊ុតដែលបានមកពីការចិញ្ចឹមមេខ្លួនឯង ចាំបាច់ត្រូវលាងឲ្យបានស្អាតមុននឹងកែច្នៃធ្វើជាអាហារផ្សេងៗ។ ម្យ៉ាងវិញទៀតកុំបរិភោគស៊ុត ដែលចម្អិនមិនបានឆ្អិនល្អ ព្រោះមានហានិភ័យគ្រោះថ្នាក់ដល់សុខភាពខ្ពស់ណាស់។
កុំរក្សាស៊ុតក្នុងទូរទឹកកលើសពី ៤សប្តាហ៍
ក្រោយពេលលាងសម្អាត និងជូតស៊ុតឲ្យស្ងួតហើយ អ្នកអាចរក្សាស៊ុតក្នុងទូរទឹកកកបានត្រឹមតែ ៤សប្តាហ៍ប៉ុណ្ណោះ បើលើសពីនេះវាអាចស្អុយខូចបាន។
ចំពោះស៊ុត ដែលទិញមកពីទីផ្សាអ្នកមិនគួររក្សាទុកក្នុងទូរទឹកកកនោះទេ ព្រោះយើងមិនដឹងថាវាថ្មី ឬក៏ចាស់ ហើយវាត្រូវបានគេដាក់ចោលហាលថ្ងៃហាលខ្យល់ថែមទៀត។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកយកស៊ុតទាំងនោះទៅរក្សាទុកក្នុងទូរទឹកកក ដោយមិនបានលាងសម្អាត បាក់តេរីនឹងរីករាលដាលកាន់តែច្រើនឡើងៗ ដោយសារតែភាពសើម។ ដូច្នេះនៅពេលដែលអ្នកយកទៅទទួលទានច្បាស់ជា នាំហានិភ័យដល់សុខភាពខ្លាំងបំផុត៕