យើងទាំងអស់គ្នាដឹងហើយថា ការជក់បារីជាទម្លាប់មួយក្នុងចំណោមទម្លាប់ជាច្រើនដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុតដល់សុខភាព។ ការជក់បារី ជួយពន្លឿនដល់ភាពចាស់ បង្កើនហានិភ័យនៃជំងឺលើសឈាម និងជំងឺមហារីក។ ក៏ប៉ុន្តែថ្មីៗនេះអ្នកជំនាញសុខភាពនៅប្រទេសចិន បានរកឃើញថា ក្រៅពីការជក់បារី នៅមានទម្លាប់៣យ៉ាងដែលមនុស្សភាគច្រើនធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន អាចបង្កគ្រោះថ្នាក់ខ្លាំងជាងការជក់បារីទៅទៀត។
បរិភោគសាច់ច្រើន ហើយទៀងទាត់
បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងកាសែតមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា អ្នកដែលបរិភោគសាច់ទៀងទាត់ នឹងមានហានិភ័យកើតជំងឺមហារីកខ្ពស់ ហើយមានអាយុខ្លីជាងអ្នកដែលមិនសូវញ៉ាំសាច់។
សមាមាត្រនៃអ្នកដែលកើតមានជំងឺមហារីក ដោយសារការញ៉ាំសាច់ ត្រូវបានគេគិតថា ស្មើនឹងចំនួននៃអ្នកដែលកើតជំងឺមហារីក ដោយសារតែការជក់បារី។
ដូច្នេះ អ្នកជំនាញបានណែនាំឲ្យមនុស្សគ្រប់គួរតែកាត់បន្ថយការញ៉ាំសាច់ ហើយជំនួសដោយការទទួលទានបន្លែផ្លែឈើឲ្យបានច្រើនជំនួសវិញ។
អង្គុយមើលទូរស្សន៍យូរពេក
សុខភាពរបស់យើងនឹងមិនមានបញ្ហានៅពេលមើលទូរទស្សន៍ម្តងម្កាល ប៉ុន្តែការមើលយូរពេកនឹងធ្វើឲ្យខូចខាតដល់រាងកាយ។ ការស្ទង់មតិដោយសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីបានបង្ហាញថា មនុស្សដែលជក់បារីអាចកាត់បន្ថយអាយុ១១នាទី ក្នុងមួយម៉ោង។ ប៉ុន្តែប្រសិនបើអ្នកមើលទូរទស្សន៍យូរពេកវាអាចកាត់បន្ថយអាយុជាមធ្យម ២១,៨នាទី ក្នុងមួយម៉ោង។
នេះក៏ដោយសារតែការនៅស្ងៀមមិនបញ្ចេញសកម្មភាព អាចបណ្តោលឲ្យកើតជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។
ទទួលទានភេសជ្ជៈមានផ្ទុកជាតិកាបូនជាប្រចាំ
ការស្ទង់មតិសុខភាពនៅសហរដ្ឋអាមេរិក បានរកឃើញថា ការទទួលទានភេសជ្ជៈដែលមានជាតិកាបូនប្រហែលជាមួយកែវក្នុងមួយថ្ងៃ អាចធ្វើឲ្យកោសិកាវិវត្តទៅរកភាពឆាប់ចាស់លឿនជាងមុនប្រហែលជា ២ឆ្នាំ។
ប្រសិនបើអ្នកទទួលទានកាហ្វេ ២ពែងកន្លះក្នុងមួយថ្ងៃ(ឬប្រមាណជា ៥៩២មីលីលីត្រ) អាចធ្វើឲ្យរាងកាយឆាប់ចាស់លឿនជាងមុនប្រហែលជា ៥ឆ្នាំ។ ដូច្នេះ ការផឹកភេសជ្ជៈមានជាតិកាបូនច្រើនត្រូវបានគេចាត់ទុកជាមូលហេតុនៃភាពចាស់ ស្រដៀងទៅនឹងការជក់បារីដែរ។