៥ចំណុច ជាដើមហេតុបង្កជំងឺមហារីកខ្លាំងបំផុត

0
1

ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការកើតជំងឺមហារីកកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់មនុស្សគ្រប់វ័យ។

ហេតុនេះហើយ ក្រុមអ្នកជំនាញបានធ្វើការព្រមានថា មនុស្សគ្រប់រូបគួរតែធ្វើការពិនិត្យតាមដានសុខភាពឲ្យទៀងទាត់ ព្រោះការរកឃើញរោគសញ្ញាដំបូងរបស់វា អាចព្យាបាលឲ្យជាសះស្បើយមានសង្ឈឹមច្រើន។ ជាពិសេស អ្នកគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះកត្តាមួយចំនួននេះ។

របបអាហារ

ជារៀងរាល់ថ្ងៃយើងត្រូវការទទួលទានអាហារដើម្បីចិញ្ចឹមជីវិត ក៏ប៉ុន្តែអាហារដែលមិនមានសុវត្ថិភាព អាហារមានផ្ទុកសារធាតុគីមី គឺជាមូលហេតុបណ្តោលឲ្យរាងកាយមានផ្ទុកជាតិពុល និងបង្កទៅជាជំងឺមហារីក។

លើសពីនេះ ទម្លាប់នៃការញ៉ាំអាហារប្រៃ ការញ៉ាំសាច់ក្រហមច្រើន អាហារកែច្នៃ និងអាហារសម្បូរជាតិខ្លាញ់ ក៏ជាបុព្វហេតុនៃការកកើតជាជំងឺមហារីកផងដែរ។

បារី

នៅក្នុងផ្សែងបារី មានផ្ទុកសារធាតុពុលយ៉ាងហោចណាស់ ៧៣ប្រភេទ ដែលអាចបណ្តោលឲ្យកើតជំងឺមហារីក រហូតដល់ទៅ ២៥ប្រភេទផ្សេងគ្នា ជាពិសេសមហារីកសួត ៩០ភាគរយចំពោះបុរស។

បើយោងតាមសមាគមន៍ជំងឺមហារីក អាមេរិក បានបង្ហាញថា អ្នកជក់បារីមានហានិភ័យនៃជំងឺមហារីកសួត ខ្ពស់ជាងអ្នកមិនជក់ ២០ដង។ មិនត្រឹមតែអ្នកជក់​នោះទេដែលមានហានិភ័យ សូម្បីតែអ្នកស្រូបយកផ្សែងបារីក៏ប្រឈមហានិភ័យខ្ពស់ដូចគ្នាដែរ។

កត្តាការងារ

សមាគមន៍ជំងឺមហារីក អាមេរិក បានបង្ហាញថា ប្រហែលជា ៤ភាគរយនៃអ្នកជំងឺមហារីកមានទំនាក់ទំនងជាមួយនឹងកត្តាការងារ ដូចជា ជាងអ៊ុតសក់ កម្មករនុយក្លេអ៊ែរ កន្លែងផលិតប្លាស្ទិក កម្មករអណ្តូងរ៉ែ កន្លែងផលិតសាប៊ូ កន្លែងផលិតទឹកស្អាត និងកម្មករនៅក្នុងតំបន់ឧស្សាហកម្ម…។

ទោះជាយ៉ាងណាក៏ដោយ សារធាតុបង្កជំងឺមហារីកមាននៅក្នុងខ្លួនច្រើនឆ្នាំ អាចបង្កឲ្យមានការផ្លាស់ប្តូរហ្សែនចំពោះមនុស្សចំនាន់ក្រោយ។ ដូច្នេះ ការត្រួតពិនិត្យរកមើលរោគសញ្ញាដំបូងនៃជំងឺនេះជាប្រចាំ ជារឿងសំខាន់បំផុត។

គ្រឿងស្រវឹង

អង្គការសុខភាពពិភពលោក បាននិយាយថា ជាតិអាល់កុលនៅក្នុងរាងកាយច្រើនហួសប្រមាណត្រូវបានបម្លែងទៅជា acetaldehyde ដែលអាចបណ្តោលឲ្យកើតជំងឺមហារីកចំនួន៧ប្រភេទ រួមទាំងមហារីកមាត់ បំពង់ក រន្ធគូថ ពោះវៀនធំ និងសុដន់។

ការបំពុលបរិស្ថាន

ជាមួយនឹងល្បឿននៃឧស្សាហូបនីយកម្ម និងទំនើបបកម្ម ការបំពុលបរិស្ថាន កាន់តែមានសភាពធ្ងន់ធ្ងរដូចជា ការបំពុលបរិយាកាស ប្រភពទឹក ការបំពុលដី និងសម្លេង។

បើយោងតាមអ្នកជំនាញបានបង្ហាញថា កត្តានៅជុំវិញយើងទាំងអស់នេះអាចបង្កឲ្យកើតជំងឺមហារីក៕

LEAVE A REPLY

Please enter your comment!
Please enter your name here