មនុស្សភាគច្រើនគិតថា ការញ៉ាំផ្លែឈើច្រើនមិនអាចធ្វើឲ្យរាងកាយធាត់ ឬលើសទម្ងន់ដូចការទទួលទានបាយនោះទេ ហេតុដូច្នះទើបអ្នកដែលចង់សម្រកទម្ងន់យកផ្លែឈើជំនួសបាយ។ ប៉ុន្តែអ្នកមានឆ្ងល់ទេ ហេតុអ្វីមនុស្សមួយចំនួនអនុវត្តបែបនេះហើយនៅតែមិនស្រកទម្ងន់ទៀត តែបែរជាឡើងលើសដើម?
ការពិតផ្លែឈើទុំ ជាពិសេសផ្លែឈើដែលមានរស់ជាតិផ្អែមខ្លាំង មានផ្ទុកជាតិស្ករខ្ពស់ នៅពេលអ្នកញ៉ាំច្រើនវានឹងផ្តល់ថាមពលអស្ចារ្យ។ ឧទាហរណ៍ ប្រសិនបើអ្នកញ៉ាំចេក២ផ្លែ ញ៉ាំស្វាយ២០០ទៅ២៥០ក្រាម ឬខ្នុរ៣០០ក្រាម ថាមពលស្មើនឹងការញ៉ាំបាយមួយចាន។ ដូច្នេះប្រសិនបើអ្នកញ៉ាំផ្លែឈើទាំងនេះច្រើន វាជារឿងធម្មតានោះទេដែលទម្ងន់របស់អ្នកមិនស្រក ហើយឡើងដដែលនោះ។
ប្រសិនបើអ្នកមិនចង់ធាត់ ឬចង់សម្រកទម្ងន់ អ្នកគួរតែញ៉ាំផ្លែឈើដែលមានជាតិស្ករទាប ដូចជាត្រសក់ សណ្តែក ក្រូចថ្លុង ស្រកានាគ ផ្លែប៉ោម ក្រូច និងក្រូចឃ្វិចជាដើម។ ក្នុងនោះត្រសក់ និងក្រូចថ្លុង ក៏អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងក្នុងឈាមបានដែរ។
ចំពោះត្រសក់ និងសណ្តែកបារាំង ក៏ត្រូវបានគេប្រើជាអាហារសម្រន់សម្រាប់មនុស្សធាត់ ព្រោះវាមានផ្ទុកថាមពលតិចបំផុត តែផ្តល់ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែខ្ពស់៕