ជាទូទៅ អ្នកណាក៏ដឹងដែរថា ការញ៉ាំផ្លែឈើ អាចជួយឲ្យរាងកាយមានសុខភាពល្អ ប៉ុន្តែមានពេលខ្លះអ្នកមិនគួរញ៉ាំនោះទេ ព្រោះវាគ្មានប្រយោជន៍ ហើយអាចប៉ះពាល់ដល់សុខភាពថែមទៀត។
១.ញ៉ាំមុន ឬក្រោយពេលបាយភ្លាមៗ
មនុស្សជាច្រើនៅតែមានទម្លាប់ប្រើផ្លែឈើធ្វើជាបង្អែមភ្លាមៗ បន្ទាប់ពីបាយ ព្រោះពួកគេគិតថា ផ្លែឈើទាំងនេះអាចជួយរំលាយអាហារបានល្អ។ ប៉ុន្តែអ្នកគួរតែបញ្ឈប់ទម្លាប់បែបនេះទៅ ព្រោះវាមិនអាចជួយឲ្យរាងកាយរំលាយបានត្រឹមត្រូវ ហើយមិនអាចស្រូបយកសារធាតុសំខាន់ៗពីអាហារបានឡើយ។
អ្នកគួរតែមានគម្លាតពេលវេលាជាក់លាក់ក្នុងការញ៉ាំផ្លែឈើ គឺមុនពេលញ៉ាំបាយ ឬក្រោយពេលញ៉ាំបាយចាប់ពី ១ទៅ២ម៉ោង។
២.ញ៉ាំមុនពេលចូលគេង
ការស្រាវជ្រាវជាច្រើនបានរកឃើញថា ការញ៉ាំផ្លែឈើមុនពេលចូលគេង គឺអាក្រក់បំផុត ដោយសារតែវាអាចបង្កើនបរិមាណអាំងស៊ុយលីន និងជាតិស្ករក្នុងឈាម ដែលនឹងបង្អាក់ដល់ការទទួលទានដំណេកនៅពេលយប់ និងកាត់បន្ថយថាមពលនៅពេលចាំបាច់។
៣.ញ៉ាំអំឡុងពេលទទួលទានបាយ
អ្នកជំនាញបានផ្តល់ដំបូលន្មានមិនឲ្យទទួលទានផ្លែឈើអំឡុងពេលទទួលទានបាយឡើយ ព្រោះវាអាចកាត់បន្ថយការរំលាយអាហារ។ ប្រសិនបើអ្នកបរិភោគផ្លែឈើស្របពេលជាមួយបាយ អាចធ្វើឲ្យផ្លែឈើត្រូវស្តុកនៅក្នុងរាងកាយយូរជាងធម្មតា ហើយចាប់ផ្តើមប្រែទៅជាជូរផ្អូម។ កត្តាមួយនេះអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ និងមានបញ្ហាដល់សុខភាពប្រព័ន្ធរំលាយអាហារថែមទៀត៕