ជំងឺឈឺសន្លាក់ អាចធ្វើឲ្យអ្នកមានការឈឺចាប់ពិបាកនឹងទ្រាំ សូម្បីតែការធ្វើសកម្មភាពប្រចាំថ្ងៃក៏ជួបនូវផលលំបាកដែរ។ ប្រសិនបើអ្នកនៅតែបណ្តែតបណ្តោយយូរ ជំងឺនឹងក្លាយទៅជារ៉ាំរ៉ៃពិបាកក្នុងការព្យាបាលជាមិនខាន។
ទន្ទឹមនឹងនេះផងដែរ ភេសជ្ជៈមួយចំនួនក៏អាចមានផលអវិជ្ជមានសម្រាប់អ្នកដែលកំពុងតែមានជំងឺឈឺសន្លាក់ដែរ ជាពិសេសភេសជ្ជៈទាំងប៉ុន្មានមុខនេះ។
ស្រាបៀរ
ស្រាបៀរ អាចធ្វើឲ្យរាងកាយបញ្ចេញសារធាតុម្យ៉ាងដែលគេហៅថា purines ហើយវានឹងបម្លែងទៅជាអាស៊ីតអ៊ុយរិក ដែលជំរុញឲ្យជំងឺរលាកសន្លាក់កើតមានឡើង។ លើសពីនេះទៅទៀត ស្រាបៀរក៏មានផ្ទុកធាតុ gluten ដែលជាសារធាតុរលាកខ្ពស់នៅក្នុងខ្លួនមនុស្ស។
ទឹកផ្លែឈើ
បញ្ហាមួយទៀតចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ គឺទឹកផ្លែឈើមានផ្ទុកជាតិស្ករ fructose ច្រើន។ នៅពេលជាតិស្ករប្រភេទនេះត្រូវបានរំលាយ វាបង្កើតទៅជាតិ purines ហើយបន្ទាប់មកទៀតវានឹងបង្កើនកម្រិតអាស៊ីតអ៊ុយរិក នៅក្នុងខ្លួន ដែលមិនល្អសម្រាប់អ្នកជំងឺរលាកសន្លាក់ឡើយ។
កាហ្វេ
កាហ្វេ ត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយការរលាក និងកាត់បន្ថយការខូចខាតនៃរ៉ាឌីកាល់សេរីចំពោះកោសិការ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានច្រើនពេក ជាតិកាហ្វេអ៊ីន និងអាស៊ីត របស់វាអាចបណ្តេញកាល់ស្យូមដែលរាងកាយត្រូវការ និងបង្កើនល្បឿនៃជំងឺរលាកសន្លាក់ឆ្អឹង។ ដូច្នេះប្រសិនបើអ្នកផឹកកាហ្វេច្រើនពេក ជាពិសេសការបន្ថែមជាតិស្ករ និងក្រែម គុណសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់កាហ្វេនឹងត្រូវបាត់បង់៕