ការសិក្សាជាច្រើនបានបង្ហាញថា បុរសតែងតែមិនយកចិត្តទុកដាក់ចំពោះសុខភាពនោះទេ មានអ្នកខ្លះបណ្តោយឲ្យជំងឺឈានដល់ដំណាក់កាលយ៉ាប់យឺន ទើបរត់រកគ្រូពេទ្យឲ្យជួយ។ ដូច្នេះ អត្រានៃបុរសដែលស្លាប់ដោយសារតែជំងឺនេះ បានកើនឡើងយ៉ាងខ្លាំង។ ខាងក្រោមនេះ ជាប្រភេទនៃជំងឺមហារីក ដែលប្រុសៗគួរតែយកចិត្តទុកដាក់ចំពោះរោគសញ្ញា និងប្រញាប់ធ្វើការព្យាបាលជាបន្ទាន់។
មហារីកក្រពេញប្រូស្តាត
នៅសហរដ្ឋអាមេរិក ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកទូទៅបំផុត និងជាបុព្វហេតុឈានមុខគេទីពីរនៃការស្លាប់ចំពោះបុរស។ គេប៉ាន់ប្រមាណថា មនុស្សម្នាក់ក្នុងចំណោម៩នាក់ មានជំងឺមហារីកក្រពេញប្រូស្តាត។
មហារីកពងស្វាស
មហារីកពងស្វាល ជាជំងឺមហារីកទូទៅបំផុតចំពោះបុរសដែលមានអាយុចាប់ពី ២០ ទៅ៣៤ឆ្នាំ។ យោងតាមសមាគមន៍ជំងឺមហារីក អាមេរិក អាយុមធ្យមនៅពេលធ្វើរោគវិនិច្ឆ័យ គឺប្រហែលជា ៣៣ឆ្នាំ។ ប្រហែលជា ៦ភាគរយនៃករណីទាំងអស់កើតឡើងចំពោះកុមារ និងមនុស្សវ័យជំទង់ និង៨ភាគរយទៀតចំពោះបុរសដែលមានអាយុលើសពី៥៥ឆ្នាំ។
ប៉ុន្តែជំងឺមហារីកពងស្វាស អាចព្យាបាលជា៩៧ទៅ១០០ភាគរយ បើអ្នកអាចរកឃើញរោគសញ្ញាដំបូងបរស់វា។
មហារីកពោះវៀនធំ
មហារីកពោះវៀនធំ ឬរន្ធគូថ ជាប្រភេទជំងឺមហារីកទូទៅទាំងបុរស និងស្ត្រី។ ជំងឺនេះជារឿងធម្មតាសម្រាប់មនុស្សដែលមានវ័យ ៤០ឆ្នាំ ក៏ដូចជាអ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជាច្រើន អ្នកដែលមានជំងឺនេះកំពុងតែថយចុះ ដោយសារតែការធ្វើតេស្តរកមើលរោគសញ្ញាទៀងទាត់។
អ្នកជំនាញបានឲ្យដឹងថា ជំងឺមហារីកពោះវៀនធំ ឬរន្ធគូថ អាចព្យាបាល និងការពារបានទាំងស្រុង ប្រសិនបើអ្នករកឃើញរោគសញ្ញាដំណាក់កាលដំបូង មុនឹងវាក្លាយជាជំងឺមហារីក៕