វាមិនអាចប្រកែកបាននោះទេថា ខ្ទឹមស ផ្តល់អត្ថប្រយោជន៍អស្ចារ្យសម្រាប់សុខភាព ប៉ុន្តែមិនមានន័យថាមនុស្សគ្រប់រូបអាចញ៉ាំខ្ទឹមសបានដូចគ្នាឡើយ។ ខាងក្រោមនេះ ជាក្រុមអ្នកជំងឺដែលគួរជៀសវាងខ្ទឹមស ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ៖
អ្នកដែលមានជំងឺភ្នែក
បើយោងតាមវេជ្ជសាស្ត្រ បានបង្ហាញថាការញ៉ាំខ្ទឹមសច្រើនក្នុងរយៈពេលយូរ គឺអាចបង្កឲ្យមានបញ្ហាភ្នែក ជាពិសេសអ្នកដែលកំពុងតែមានបញ្ហាភ្នែកស្រាប់អាចបង្កឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង។ ក្រៅពីនេះ អ្នកដែលមានអារម្មណ៍ខ្សោយកម្លាំង ខ្វះឈាមក្រហម ហឹងត្រចៀក វិលមុខ បាត់បង់ការចង់ចាំ…ក៏ពុំគួរញ៉ាំខ្ទឹមសដែរ។
អ្នកជំងឺរលាកថ្លើម
សមាសធាតុខ្លះនៃខ្ទឹមស អាចធ្វើឲ្យរលាកក្រពះពោះវៀនខ្លាំង រារាំងដល់ការបញ្ចេញទឹកប្រម៉ាត់នាំឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងធ្វើឲ្យអ្នកជំងឺថ្លើម កាន់តែមានអាការធ្ងន់ធ្ងរ។
លើសពីនេះសមាសធាតុហិរនៅក្នុងខ្ទឹមស អាចកាត់បន្ថយអេម៉ូក្លូប៊ីន អាចបណ្តោលឲ្យមានភាពស្លេកស្លាំង ដែលនាំឲ្យរាំងស្ទះដល់ការព្យាបាលនៃជំងឺថ្លើម។
អ្នកជំងឺរាក
នៅពេលមានជំងឺរាក កើតឡើងបាក់តេរីនឹងចូលទៅដល់ពោះវៀន។ ដូច្នេះអ្នកមិនគួរញ៉ាំខ្ទឹសនោះទេ ព្រោះវាងាយនឹងធ្វើឲ្យខូចសរីរៈពោះវៀន ស្ទះការរំលាយអាហារ ឈឺក្រពះកាន់តែខ្លាំង និងប៉ះពាល់ដល់ចលនាពោះវៀន។
អ្នកជំងឺតម្រងនោម
ការញ៉ាំអាហារមានរសជាតិហិរតិចៗ ដូចជាខ្ទឹមស ឬម្រេច សម្រាប់អ្នកដែលមានជំងឺតម្រងនោម ឬក៏អ្នកកំពុងប្រើថ្នាំ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំនោះទេ វាក៏បង្កឲ្យមានប្រតិកម្មដល់សុខភាពរាងកាយផងដែរ៕