ដំឡូងជ្វា ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព ហើយវាក៏កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សផងដែរ។
អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ Brigitte Zeitlin នៅទីក្រុងញ៉ូវយក បាននិយាយថា ដំឡូងជ្វាគ្រប់ប្រភេទសម្បូរទៅដោយជីវជាតិ និងល្អចំពោះសុខភាព។ ប៉ុន្តែដំឡូងជ្វាដែលល្អបំផុត គឺមានសាច់ពណ៌ក្រហម ឬលឿង ព្រោះវាមានផ្ទុកកាឡូរី និងកាបូអ៊ីដ្រាតទាប។ អាហារទាំងនេះមានផ្ទុកវីតាមីន Aខ្ពស់ ដែលជាសារធាតុប្រឆាំងអុស៊ីតកម្ម អាចបង្កើនភាពស៊ាំ រក្សាស្បែក និងភ្នែកផងដែរ។
បើយោងតាមក្រសួតកសិកម្មរបស់សហរដ្ឋអាមេរិក USDA បានឲ្យដឹងថា ដំឡូងជ្វា អាចផ្តល់វីតាមីន A ១០០ភាគរយ ដែលត្រូវបានណែនាំជារៀងរាល់ថ្ងៃ។
ដំឡូងជ្វា ក៏សម្បូរទៅដោយវីតាមីន C និងវីតាមីន B6 ដែលមានសារសំខាន់សម្រាប់សុខភាពប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ។ មិនតែប៉ុណ្ណោះ វាជាប្រភពដ៏ល្អនៃប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូង ដោយជួយគ្រប់គ្រងសម្ពាធឈាម។
ជាងនេះទៅទៀត ដំឡូងជ្វា មានផ្ទុកជាតិសរសៃប្រហែលជា ៤ក្រាម ដែលអាចជួយរក្សាទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាទឹកនោមផ្អែមប្រភេទទី២ និងកូលេស្តេរ៉ូលខ្ពស់៕