ម្ទេស មិនត្រឹមតែជាគ្រឿងទេសដែលតែងតែមានវត្តមាននៅក្នុងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធភាពក្នុងការការពារជំងឺផងដែរ។ ម្ទេស ត្រូវបានគេប្រើជាគ្រឿងទេសសម្រាប់បន្ថែមនៅក្នុងអាហារ ព្រោះវាមានផ្ទុកវីតាមីនA វីតាមីនC ច្រើនជាងប៉េងប៉ោះ និងការ៉ុតពី៥ទៅ១០ដងឯណោះ។ សារធាតុហិរនៅក្នុងផ្លែម្ទេស ត្រូវបានគេហៅថា capsaicin មានប្រសិទ្ធភាពខាងផ្នែកវេជ្ជសាស្ត្រ។
Capsaicin អាចបង្កើនល្បឿនរំលាយអាហារ និងជួយឲ្យរាងកាយដុតបំផ្លាញកាឡូរីកាន់តែច្រើន ព្រោះសារធាតុនេះអាចជួយបង្កើនសីតុណ្ហភាពរាងកាយ និងអត្រាបេះដូង។ ក្រៅពីនេះ លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរថា អ្នកដែលញ៉ាំម្ទេសនឹងទទួលទានអាហារតិចជាងមុន។ ជាលទ្ធផលកាឡូរី ដែលផ្ទុកក្នុងខ្លួននឹងចុះថយ ហើយការសម្រកទម្ងន់ គឺជារឿងធម្មជាតិ។
ម្ទេសក៏ជាថ្នាំប្រឆាំងនឹងជំងឺរាគរូស ប្រឆាំងនឹងជំងឺផ្តាសាយ និងសម្បូរសារធាតុចិញ្ចឹមសំខាន់មួយចំនួនដែលរាងកាយត្រូវការ។ បរិមាណវីតាមីន C នៅក្នុងម្ទេស អាចទប់ស្កាត់ជំងឺសរសៃឈាមអារទែ និងបន្ថយកូឡេស្តេរ៉ូល។
ការស្រាវជ្រាវបានបង្ហាញថា ម្ទេសមានផ្ទុកនូវសារធាតុសកម្ម ដែលអាចជួយឱ្យលំហូរឈាមល្អ និងការពារហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ លើសពីនេះទៅទៀត Capsinin នៅក្នុងម្ទេស អាចទប់ស្កាត់ការរលាកដែលជាកត្តាដែលត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់រួមចំណែកដល់ជំងឺបេះដូង៕