ជាការពិតណាស់ រមៀត ខ្ទឹមស និងម្រេច ត្រូវបានគេចាត់ទុកជាគ្រឿងទេសប្រចាំផ្ទះបាយដែលមិនអាចខ្វះបានឡើយ ព្រោះវាជាផ្នែកមួយដែលអាចជួយបង្កើនរសជាតិអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់។ ក៏ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងថា គ្រឿងទេសទាំង៣មុខនេះ ជាថ្នាំព្យាបាលជំងឺនោះទេ។
រមៀតអាចព្យាបាលជំងឺរលាកសន្លាក់ និងបំបាត់ការឈឺចាប់
បន្ថែមពីការបង្កើតពណ៌ និងក្លិន នៃអាហារ រមៀតក៏មានផ្ទុកសារធាតុ curcumin ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការរលាកផងដែរ។ រមៀត អាចកាត់បន្ថយការឈឺចាប់សន្លាក់ ក៏ដូចជាបញ្ហាចុះខ្សោយនៃឆ្អឹងរបស់មនុស្សចាស់។
សារធាតុ curcumin មានវត្តមាននៅក្នុងរមៀត មានសក្តានុពលក្នុងការកាត់បន្ថយការឈឺចាប់ ដែលបណ្តោលមកពីជំងឺរលាកសន្លាក់។
រមៀត ក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺមួយចំនួនដូចជា រលាកពោះវៀន មហារីក និងរលាកសន្លាក់រ៉ាំរ៉ៃ។ លើសពីនេះការប្រើរមៀតក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយបង្កើនការចងចាំ កាត់បន្ថយការឈឺចាប់ និងរួមចំណែកក្នុងការទប់ស្តាត់កោសិកាដែលបណ្តោលឲ្យកើតជំងឺមហារីកពោះវៀនធំ។
ខ្ទឹមស ជួយការពារជំងឺមហារីក និងបង្កើនភាពស៊ាំ
ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសមិនអាចខ្វះបាននៅក្នុងការចម្អិនម្ហូបស្ទើរតែគ្រប់មុខនោះទេ វាក៏មានសមត្ថភាពទប់ស្តាត់ជំងឺមហារីកផងដែរ។ ក្រៅពីប្រឆាំងជាមួយនឹងជំងឺមហារីក សារធាតុ allicin របស់ខ្ទឹមស អាចជួយកាត់បន្ថយកូលេស្តេរ៉ុល និងសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។
ម្រេច អាចព្យាបាលជំងឺច្រើនមុខ
ម្រេច ភាគច្រើនបងប្អូនខ្មែរយើងនិយមបន្ថែមនៅក្នុងបបរគ្រឿង ដើម្បីឲ្យមានរសជាតិហិរតិច ទើបញ៉ាំទៅបានឆ្ងាញ់មាត់។ ក៏ប៉ុន្តែក្រៅបន្ថែមនៅក្នុងអាហារ ម្រេច ក៏ត្រូវបានគេប្រើធ្វើជាឱសថសម្រាប់ព្យាបាលជំងឺមួយចំនួនដូចជា ជំងឺហឺត ឈឺក្បាល ឈឺបំពងក ឬសដូងបាត ជំងឺតម្រងនោម ជំងឺអាសន្នរោគ គ្រុនក្តៅ និងការរំលាយអហារ។
លើសពីនេះ វាអាចជួយពង្រឹមប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ ដើម្បីទប់ស្តាត់ជំងឺមហារីក ការឆ្លងមេរោគ និងគ្រោះថ្នាក់ដទៃទៀត ដែលបណ្តោលមកពីប្រព័ន្ធភាពស៊ាំចុះខ្សោយ៕