ចំពោះមនុស្សដែលមានសកម្មភាពខ្លាំង បែកញើសច្រើន ក្រពេញរន្ធញើសធំៗ ការពាក់អាវបាំងជិតក្លៀកគ្មានខ្យលចេញចូលគ្រប់គ្រាន់ ជាកត្តាដែលធ្វើឲ្យក្លៀកមានជាតិសំណើម បូករួមទាំងបាក់តេរីមិនល្អបង្កើតឡើងទៀតនោះ ក្លៀកនឹងចាប់ផ្តើមធុំក្លិនអាក្រក់ ជាពិសេសក្នុងរដូវក្តៅ។
ទោះបីជាបញ្ហាក្លិនក្លៀក មិនមានផលប៉ះពាល់ដល់សុខភាពក៏ដោយ ក៏វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ ដែលបណ្តោលឲ្យមិនមានទំនុកចិត្តលើខ្លួនឯង និងមិនហ៊ានជំនាក់ទំនងជាមួយអ្នកដទៃ។
ទោះជាយ៉ាងណាបញ្ហាធុំក្លិនក្លៀកនេះ អាចដោះស្រាយបាន ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនឡើង គឺប្រើឱសថធម្មជាតិងាយៗនៅក្នុងផ្ទះបាយស្រាប់។
ធាតុផ្សំ៖ ខ្ញីស្រស់ ១ដុំប្រហែលជាមួយថ្នាំងដៃ និងស្លឹកតែ ៥ក្រាម។
របៀបអនុវត្ត៖ យកធាតុផ្សំទាំងពីរនេះទៅរំពុះជាមួយទឹកកន្លះលីត្រ បន្ទាប់មកលើកចុះឲ្យត្រជាក់។ ក្នុងមួយថ្ងៃអ្នកត្រូវយកទឹកនេះលាងសម្អាតក្លៀកឲ្យបាន ១ទៅ២ដង ហើយបន្តអនុវត្តរយៈពេល១០ថ្ងៃទើបលែងមានបញ្ហា។
ចំណាំ៖ ក្រៅពីអនុវត្តវិធីខាងលើ អ្នកត្រូវសម្អាតក្លៀកជាមួយសាប៊ូកម្ចាត់បាក់តេរី ដើម្បីសម្អាតបាក់តេរីនៅលើស្បែកជារៀងរាល់ថ្ងៃ។ ចំពោះអាវ អ្នកត្រូវពាក់អាវធ្វើពីកប្បាស ដើម្បីជួយស្រូបយកញើស ហើយប្តូរចេញមួយថ្ងៃ២ ទៅ៣ដង។ ក្រៅពីនេះអ្នកត្រូវកំណត់ការទទួលទានអាហារហិរ ដូចជាម្ទេស ខ្ទឹមស ខ្ទឹមបារាំង… ព្រោះវាក៏ជាកត្តាដែលនាំឲ្យមានក្លិនក្លៀកមិនល្អដែរ៕