តម្រងនោម មានតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់សារធាតុមានគ្រោះថ្នាក់ គ្រប់គ្រងជាតិទឹកក្នុងរាងកាយ គ្រប់គ្រងសម្ពាធឈាម ជួយបង្កើតកោសិកាឈាមក្រហម និងផលិតអ័រម៉ូនមួយចំនួនដើម្បីទ្រទ្រងជីវិត។ ប៉ុន្តែតម្រងនោមអាចងាយនឹងចុះទន់ខ្សោយ ប្រសិនបើអ្នកមានទម្លាប់អាក្រក់ក្នុងការរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាទម្លប់មិនល្អ៣ចំណុច ដែលបណ្តោលឲ្យខ្សោយតម្រងនោម៖
ប្រើថ្នាំបំបាត់ការឈឺចាប់យូរពេក
ការប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានការណែនាំពីវេជ្ជបណ្ឌិត ជាពិសេសការប្រើប្រាស់រយៈពេលយូរពេក ឬមានកម្រិតខ្ពស់ អាចកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម និងរចនាសម្ព័នតម្រងនោម។
យោងតាមស្ថិតិបានបង្ហាញថា មានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ១ទៅ៣ភាគរយ ជារៀងរាល់ឆ្នាំដោយសារតែការប្រើថ្នាំបំបាត់ការឈឺចាប់។
ការទទួលទានអាហារសម្បូរជាតិសូដ្យូម
ការទទួលទានអាហារសម្បូរជាតិសូដ្យូមច្រើនពេក អាចបង្កើនកម្រិតសម្ពាធឈាម។ នៅពេលសម្ពាធឈាមឡើងខ្ពស់អាចបំផ្លាញតម្រងនោមគ្រប់ពេល និងជាបុព្វហេតុចម្បងនៃការខ្សោយតម្រងនោម។
មនុស្សពេញវ័យដែលមានសុខភាពល្អ គួរតែទទួលទានជាតិសូដ្យូមត្រឹមតែ ២,៣០០មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែលជាមួយស្លាបព្រាកាហ្វេនៃអំបិល)។ ចំនួននេះបានថយចុះដល់ទៅ ១,៥០០មីលីក្រាមក្នុងមួយថ្ងៃចំពោះអ្នកដែលមានជំងឺលើសឈាម ឬជំងឺតម្រងនោម។
ដើម្បីកាត់បន្ថយបរិមាណសូដ្យូមនៅក្នុងរបបអាហារ វិធីសាមញ្ញបំផុតគឺ កំណត់ការប្រើអំបិលប្រចាំថ្ងៃ ឬកំណត់អាហារដែលសម្បូរទៅដោយជាតិសូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម អាហារសម្បូរខ្លាញ់ និងអាហារចម្រាញ់។
ទប់នោម
នេះគឺជាទម្លាប់ដ៏អាក្រក់ដែលស្ទើរតែគ្រប់គ្នាទទួលរងពីការរវល់ពេក។ ការប្រឹងទប់យូរពេក បាក់តេរីនឹងលូតលាស់នៅក្នុងប្លោកនោម ហើយបង្កបញ្ហាអវិជ្ជមានដល់តម្រងនោម ព្រមទាំងសុខភាពទូទៅផងដែរ។ មិនតែប៉ុណ្ណោះ ទម្លាប់មួយនេះក៏អាចបណ្តោលឲ្យសារធាតុផ្សេងៗបណ្តុំគ្នាបន្តិចម្តងៗ បង្កើតបានជាគ្រួសចំពោះបុរស៕