យោងតាមអ្នកជំនាញបានបង្ហាញថា វីតាមីនជាច្រើននៅក្នុងផ្លែស្ពឺ រួមទាំងវីតាមីន A និងបេតាការ៉ូទីន មានសមត្ថភាពរក្សាភ្នែកឲ្យមានសុខភាពល្អ កែលម្អសមត្ថភាពភ្នែក និងបង្កើនចំណង់អាហារចំពោះស្ត្រីមានផ្ទៃពោះ។
វីតាមីនA ជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម មានអត្ថប្រយោជន៍ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងការរំលាយអាហារបស់ស្ត្រី។ ជាធម្មតា ផ្លែឈើមួយប្រភេទនេះ អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងរាងកាយ។
ក្រៅពីសម្បូរវីតាមីន A ផ្លែស្ពឺ ក៏សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនអាចជួយកម្ចាត់ជាតិពុល និងជួយសំយោគកូឡាជែន។ នេះជាសមាសធាតុដ៏សំខាន់ក្នុងការស្តារឡើងវិញ និងបង្កើតឆ្អឹង សរសៃឈាមអាក់ទែន និងសរសៃឈាមវ៉ែន។
យោងតាមការស្រាវជ្រាវរកឃើញថា ការទទួលទានផ្លែស្ពឺ ជារៀងរាល់ថ្ងៃ នឹងផ្តល់វីតាមីន C ជួយបង្កើនភាពស៊ាំ កាត់បន្ថយភាពអស់កម្លាំង រក្សាសុខភាពបេះដូង ពន្លឿនដល់ដំណើរការកម្ចាត់កាកសំណល់ពុលចេញពីស្បែក និងជួយឲ្យស្បែកស្រស់ថ្លា។
ជាពិសេសជាងនេះទៅទៀត ផ្លែស្ពឺ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងសារធាតុ flavonoids ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការពាររាងកាយ ពីការរលាកដោយសាររ៉ាឌីកាល់សេរី។
សារធាតុប្រឆាំងអុកស៊ីតកម្ម ក៏មានប្រយោជន៍ផងដែរចំពោះការបង្ការជំងឺមហារីក ក៏ដូចជាលុបបំបាត់ជាតិពុលជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ ខណៈដែលវាអាចជួយស្រូបយកជាតិដែក ជួយទ្រទ្រង់ឆ្អឹង ធ្មេញ សក់ ក្រចក និងស្បែក។
ជាតិសរសៃនៅក្នុងផ្លែស្ពឺ អាចជួយស្រូបយកកូលេស្តេរ៉ុលចេញពីពោះវៀន ដោយសារតែវាមានសមត្ថភាពការពារភ្នាសរំអិលនៅក្នុងពោះវៀនធំ និងដកចេញនូវសារធាតុមានគ្រោះថ្នាក់។
លើសពីនេះទៅទៀត ជាតិសរសៃនៅក្នុងផ្លែស្ពឺ ក៏អាចទប់ស្តាត់ជំងឺមហារីកពោះវៀនធំ គាំទ្រដល់ការរំលាយអាហារ កាត់បន្ថយជាតិស្ករក្នុងឈាម បង្ការជំងឺសរសៃឈាមបេះដូង … ហើយយើងអាចបរិភោគផ្ទាល់ ឬកែច្នៃធ្វើជាអាហារផ្សេងៗ៕