ទម្លាប់អាក្រក់មួយចំនួន គួរបញ្ឈប់ទៅនៅពេលងូតទឹក!

0
1

ការងូតទឹក គឺជាសកម្មភាពប្រចាំថ្ងៃមិនអាចខ្វះបាន ដើម្បីធ្វើការសម្អាតរាងកាយពីភាពកខ្វក់ផ្សេងៗ។ ប៉ុន្តែនៅពេលងូតទឹក មនុស្សភាគច្រើនមានទម្លាប់មិនត្រឹមត្រូវឡើយ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់មួយចំនួនដែលអ្នកគួរតែបោះបង់ឲ្យបាន៖

១.មិនប្តូរស្បៃដុសខ្លួន ទុករហូតទាល់តែប្រើលែងកើត

ពពួកបាក់តេរី និងមេរោគផ្សិត កើនឡើងខ្លាំងនៅក្នុងបរិស្ថានសើម ជាពិសេសក្នុងបន្ទប់ទឹកតែម្តង។ ប្រសិនបើអ្នកប្រើស្បៃដុសខ្លួន ដដែលៗ ហើយទុកក្នុងបន្ទាប់ទឹករយៈពេលមួយខែ ឬមួយឆ្នាំ នោះឱកាសពពួកមេរោគនឹងកើនឡើងកាន់តែច្រើនដែលបង្កឲ្យប៉ះពាល់ដល់ស្បែក។

អ្នកពុំអាចមើលបាក់តេរីនៅក្នុងស្បៃដុសខ្លួន ដោយភ្នែកទទេបាននោះទេ ដូច្នេះអ្នកត្រូវមានទម្លាប់លាងសម្អាតស្បៃ និងដាក់ហាលថ្ងៃឲ្យស្ងួតបន្ទាប់ពីងូតទឹករួច ជាពិសេសត្រូវប្តូរចេញរៀងរាល់១ខែម្តង។

២.ខ្ជិលសម្អាតប្រអប់ដាក់សាប៊ូ

អ្នកណាខ្លះខ្ជិលសម្អាតប្រអប់ដាក់សាប៊ូ ហើយទុកទាល់តែកាន់ស្លែរឡើងខ្មៅ? ទម្លាប់មួយនេះក៏អំណោចផលដល់បាក់តេរី និងមេរោគផ្សិតរីកលូតលាស់ផងដែរ។

ជម្រើសដ៏ល្អ អ្នកត្រូវជ្រើសប្រអប់ដាក់សាប៊ូ ដែលមានប្រហោងខ្យល់ចេញចូលបានល្អ ហើយត្រូវលាងសម្អាតឲ្យបានទៀងទាត់ និងរក្សាកន្លែងស្ងួតទើបប្រសើរ។

៣.ទុកឡាមក្នុងបន្ទប់ទឹក

មូលហេតុដែលអ្នកមិនគួរទុកឡាម ក្នុងបន្ទប់ទឹក ដោយសារតែបាក់តេរី និងមេរោគផ្សិត បង្កើនកូនចៅបានយ៉ាងឆាប់រហ័ស។ នៅពេលដែលអ្នកយកមកប្រើ វាឆ្លងចូលទៅកាន់ស្បែកយ៉ាងងាយស្រួល ហើយអាចបង្កឲ្យមានបញ្ហាផ្សេងៗដល់ស្បែក។ ម្យ៉ាងវិញទៀត អ្នកក៏ពុំគួរប្រើឡាមចាស់ៗរហូតដល់លែងមុតដែរ ប្រើច្រើនបំផុតពីរដងបានហើយ ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់ស្បែកដូចគ្នា។

៤.កក់សក់រាល់ថ្ងៃ

ការកក់សក់ជារៀងរាល់ថ្ងៃ មិនមែនជាទម្លាប់ល្អនោះទេ ព្រោះវាអាចធ្វើឲ្យស្ងួតស្បែកក្បាល ដែលជាហេតុជំរុញឲ្យក្បាលផលិតប្រេងកាន់តែច្រើន ហើយសក់នឹងចាប់ផ្តើមជួបបញ្ហា។ ប្រសិនបើអ្នកចង់ឲ្យស្បែកក្បាលមានសុខភាពល្អ គួរកក់ពីរថ្ងៃម្តង ហើយនៅពេលព្រឹក។

៥.ងូតទឹកក្រោយពេលហាត់ប្រាណភ្លាមៗ

គ្រប់គ្នាប្រហែលជាដឹងហើយថា បាក់តេរីនឹងរស់នៅកន្លែងដែលមានសភាពក្តៅ ហើយសើម ដូច្នេះរាងកាយដែលបែកញើស ជាបរិយាកាសដ៏សមស្របបំផុតសម្រាប់ពួកវា។

ការធ្វើលំហាត់ប្រាណបែកញើសច្រើន អាចធ្វើឲ្យអ្នកមានសុខភាពល្អ ប៉ុន្តែកុំភ្លេចទទួលទានទឹកបន្ទាប់ពីធ្វើលំហាត់ប្រាណផង។ ទម្លាប់មួយនេះអាចជួយឲ្យអ្នកមានអារម្មណ៍ស្រួលខ្លួន និងបំបាត់ក្លិនញើសនៅលើដងខ្លួន។

ប៉ុន្តែហាមងូតទឹកភ្លាមៗក្រោយពេលធ្វើលំហាត់ប្រាណឲ្យសោះ ព្រោះវាអាចធ្វើឲ្យស្ទះរន្ធញើស និងបង្កផលលំបាកដល់សុខភាព។ ដូច្នេះ សូមរងចាំរយៈពេល ១៥នាទី ឬចាំញើសស្ងួតពីខ្លួនសិន សឹមងូតទឹកទើបជាការប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here