ក្រួសក្នុងតម្រងនោម អាចបណ្តោលឲ្យមានការឈឺចាប់ធ្ងន់ធ្ងរ ប្រសិនបើវាត្រូវបានរុញច្រានចូលទៅក្នុងបំពង់បង្ហូរនោម។ មូលហេតុដែលបណ្តោលឲ្យកើតជំងឺក្រួសក្នុងតម្រងនោម គឺបង្កឡើងដោយសារតែទម្លាប់ រស់នៅប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗ ជាពិសេស ការខ្ជិលទទួលទានទឹក ធ្វើឲ្យអំបិល រ៉ែ និងសារធាតុផ្សេងៗទៀត ប្រមូលផ្តុំបន្តិចម្តងៗក្នុងតម្រងនោមបង្កើតទៅជាដុំក្រួស។
ដូច្នេះ ដើម្បីជៀសផុតពីជំងឺក្រួសក្នុងតម្រងនោម អ្នកគួរតែព្យាយាមទទួលទានរបបអាហារដូចខាងក្រោម៖
ផឹកទឹកឲ្យបានច្រើន
នេះជារឿងសំខាន់បំផុត ប្រសិនបើអ្នកផឹកទឹកប្រហែលជា ២,៥ ទៅ៣លីត្រក្នុងមួយថ្ងៃ។ ការបត់ជើងតូចដែលមានទឹកនោមពណ៌ស បង្ហាញថា អ្នកផឹកទឹកបានគ្រប់គ្រាន់ ហើយវាអាចជួយលាងសម្អាតកាកសំណល់ផ្សេងៗមិនឲ្យបង្កទៅជាក្រួសបានឡើយ។
បរិភោគសាច់ និងអំបិលតិច
សូមព្យាយាមកាត់បន្ថយការបរិភោគអំបិល និងសាច់ ព្រោះវាជាដើមហេតុដែលបង្កឲ្យអ្នកក្រួសក្នុងតម្រងនោម ហើយសូម្បីតែអាហារសមុទ្រដូចជាបង្គា ក្តាម… ក៏គួរតែកាត់បន្ថយដូចគ្នាដែរ។
ផឹកទឹកក្រូចស្រស់ៗឲ្យបានច្រើន
ភេសជ្ជៈទាំងនេះ មានផ្ទុកអាស៊ីត citrate ច្រើន ប្រសិនបើអ្នកផឹករាល់ថ្ងៃ អាចជួយការពារតម្រងនោមមិនឲ្យកើតក្រួសឡើយ។
បរិភោគបន្លែស្រស់ឲ្យបានច្រើន
បន្លែស្រស់ អាចជួយរំលាយអាហារបានយ៉ាងឆាប់រហ័ស កាត់បន្ថយការស្រូបយកសារធាតុដែលបង្កឲ្យមានក្រួសក្នុងតម្រងនោម។
ជៀសវាងបរិភោគអាហារដែលមានជាតិ purines
purines ជាសារធាតុដែលអាចបង្កឲ្យកើតជំងឺក្រួសក្នុងតម្រងនោម ហើយវាស្ថិតនៅក្នុងប្រភេទអាហារដូចជា ត្រីងៀត សាច់ស្ងួត បង្គាក្រៀម សាច់ក្រក ទឹកត្រី បេះដូងជ្រូក និងសាច់គោជាដើម។