មនុស្សភាគច្រើនដឹងត្រឹមតែ ជំងឺទឹកនោមផ្អែម អាចប៉ះពាល់ទៅលើភ្នែក ជើង និងតម្រងនោម។ ទោះជាយ៉ាងណា អ្នកទាំងនោះប្រហែលជាមិនទាន់ដឹងថា ជាតិស្ករនៅក្នុងឈាមដែលមិនមានការគ្រប់គ្រងក៏អាចប៉ះពាល់ដល់ជីវិតផ្លូវភេទដែរ។ ដូច្នេះ ប្រសិនបើអ្នកជួបប្រទះការលំបាកក្នុងជីវិតផ្លូវភេទ វាអាចបណ្តោលមកពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម។
ងាប់លិង្គ
តើអ្នកដឹងទេថា ប្រហែលជា ៥០ភាគយនៃជំងឺទឹកនោមផ្អែមប្រភេទី១ និងទី២ អាចបង្កឲ្យកើតជំងឺងាប់លិង្គ? បរិមាណឈាមរត់ទៅកាន់លិង្គ និងសរសៃប្រសាទដែលជាអ្នករំញោចដល់ការឡើងរឹង ត្រូវបានរាំងស្ទះដោយសារជំងឺទឹកនោមផ្អែម ហេតុនេះអ្នកជំងឺនឹងជួបបញ្ហាងាប់លិង្គ។
គុណភាពមេជីវិតឈ្មោលចុះខ្សោយ
ប្រសិនបើអ្នកមានបញ្ហានៃការឡើងរឹងនៃលិង្គ និងការប្រើថ្នាំជំនួយផ្លូវភេទ ចូរប្រុងប្រយ័ត្នព្រោះវាអាចប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោល ព្រមទាំងការរីកលូតលាស់នៃអំប្រ៊ីយ៉ុង។ លើសពីនេះទៅទៀត ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ជាតិស្ករក្នុងឈាមខ្ពស់អាចជ្រៀតជ្រែកមេជីវិតឈ្មោល ធ្វើឲ្យថយចុះនូវចលនាមេជីវិតឈ្មោល និងបរិមាណទឹកកាម។
កាត់បន្ថយចំណង់ផ្លូវភេទ
តើអ្នកបាត់បង់ចំណង់រួមភេទមែនទេ? ប្រសិនបើដូច្នោះមែន អ្នកគួរតែធ្វើតេស្តជាតិស្ករនៅក្នុងឈាម ព្រោះជំងឺទឹកនោមផ្អែមអាចបណ្តោលឲ្យមានថយចុះចំណង់ផ្លូវភេទទាំងបុរស និងស្ត្រី ហើយកាត់បន្ថយអារម្មណ៍មានក្តីសុខថែមទៀត។
ទ្វារមាសស្ងួត
ស្ថានភាពនេះ គឺជារឿងធម្មតាចំពោះស្ត្រីមានជំងឺទឹកនោមផ្អែម ដែលមានសកម្មភាពផ្លូវភេទ ហើយក៏កំពុងព្យាបាលអាំងស៊ុយលីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរ។ លើសពីនេះទៅទៀត ហានិភ័យគឺខ្ពស់ចំពោះស្ត្រីអស់រដូវ ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ឬទី២។
ហានិភ័យឆ្លងមេរោគ
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម នោះហានិភ័យនៃការឆ្លងមេរោគបបាក់តេរី ឬវីរុស នៅលើទ្វារមាស ក្រពេញប្រូស្តាត ឬផ្លូវបង្ហូរនោមនឹងខ្ពស់ជាងអ្នកមិនមានជំងឺទឹកនោមផ្អែម។ ក្នុងករណីគ្មានវិធានការគ្រប់គ្រងទេ វាអាចធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកជួបការលំបាក់ហើយ៕