Skip to content

កត្តាដែលបណ្តោលឲ្យមនុស្សស្រីប្រឈមហានិភ័យជំងឺមហារីកមាត់ស្បូន

យោងតាមអ្នកឯកទេសផ្នែកជំងឺមហារីកមាត់ស្បូន បានឲ្យដឹងថា ៩៩,៧ភាគរយនៃអ្នកជំងឺមហារីកមាត់ស្បូន ត្រូវបានបង្កឡើងដោយវីរុស HPV ដែលជាមូលហេតុចម្បងបង្កឲ្យមានជំងឺមហារីកនេះកើតឡើង។ វីរុស HPV ត្រូវបានបញ្ចូនតាមរយៈការរួមភេទដោយមិនបានការពារ។ វីរុស HPV មានច្រើនជាង ១០០ប្រភេទ ប៉ុន្តែមានត្រឹម១៤ប្រភេទប៉ុណ្ណោះ ដែលមានហានិភ័យខ្ពស់ក្នុងការបង្កជំងឺមហារីក។

កត្តាដទៃទៀតដែលទាក់ទងទៅនឹងជំងឺនេះ ​គឺការប្រើថ្នាំបង្ការ ឬជំងឺដែលប៉ះពាល់ដល់ប្រពន្ធភាពស៊ាំ (មេរោគអេដស៍) ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ HPV និងនាំឲ្យកើតមហារីកមាត់ស្បូន។

ជំងឺមហារីកមាត់ស្បូន ក៏មានបញ្ហាទាក់ទងទៅនឹងអាយុដែរ ហើយអាយុកាន់តែច្រើនការប្រឈមនឹងជំងឺកាន់តែខ្ពស់ ជាពិសេសស្ត្រីដែលមានអាយុ ៣៥ឆ្នាំឡើងទៅ។ ស្ត្រីដែលផ្តល់កំណើតនៅវ័យក្មេងពេក ឬមានកូនច្រើនពេក ក៏មានហានិភ័យកើតជំងឺមហារីកមាត់ស្បូនខ្ពស់ដូចគ្នា។ ការស្រាវជ្រាវមួយចំនួន បានបង្ហាញថា ស្ត្រីដែលផ្តល់កំណើតចាប់ពី៣ដង ឬច្រើនជាងនេះ មានភាគរយច្រើនកើតមហារីក ច្រើនជាង ស្ត្រីដែលផ្តល់កំណើតឲ្យកូន ត្រឹម១ ឬ២នាក់។

លើសពីនេះទៅទៀត របៀបរស់នៅប្រចាំថ្ងៃដូចជា ភាពធាត់ពេក ការជក់បារី ការរួមភេទជាមួយដៃគូច្រើនដោយគ្មានការពារ ការប្រើថ្នាំពន្យាកំណើតរយៈពេលយូរ… សុទ្ធតែជាកត្តាបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន៕