២វិធីសាមញ្ញៗបំផុត តែអាចកម្ចាត់អាការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព

0
1

ការរលាក និងការឈឺចាប់បំពង់ក គឺជារោគសញ្ញាដំបូងនៃការឆ្លងមេរោគលើផ្លូវដង្ហើម តែជំងឺនេះត្រូវបានគេចាត់ទុកជារឿងធម្មតានៅពេលអាកាសធាតុមានការប្រែប្រួល ជាពិសេសរដូវរងា។ ទោះជាយ៉ាងណាជំងឺឈឺបំពង់ក អាចព្យាបាលបានដោយប្រើប្រាស់រូបមន្តសាមញ្ញៗប៉ុណ្ណោះ។

ខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ឌៗលាយអំបិល

ការខ្ពុរមាត់ដោយប្រើទឹកក្តៅឧណ្ឌៗលាយជាមួយនឹងអំបិល អាចជួយបំបាត់អាការឈឺបំពង់ក និងជួយការពារដង្ហើមមិនល្អ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងមេរោគបំពង់ក។

យោងតាមការស្រាវជ្រាវ ៤០ភាគរយនៃអ្នកដែលមានការឆ្លងមេរោគលើផ្លូវដង្ហើម និងការខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ឌៗលាយអំបិល ៣ដងក្នុងមួយថ្ងៃ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។

ទោះជាយ៉ាងណាអ្នកត្រូវលាយទឹកក្តៅឧណ្ឌៗចំនួន ២៤០មីលីលីត្រ ជាមួយនឹងអំបិល ១ទៅ២ស្លាបព្រាកាហ្វេបានហើយ។ លើសពីនេះអ្នកមិនត្រូវលេបទឹកនេះចូលទៅក្នុងពោះនោះទេ ព្រោះវាមានបាក់តេរីច្រើន។ រាល់ពេលខ្ពុរមាត់ អ្នកត្រូវខ្ពុររយៈពេល ៣០ទៅ ៦០វិនាទី បន្ទាប់មកខ្ពុរមាត់ជាមួយទឹកស្អាតធម្មតាឲ្យបានពីរបីដង ដើម្បីលាងអំបិលចេញមកក្រៅវិញ។

ប្រើទឹកឃ្មុំ

ទឹកឃ្មុំ មិនត្រឹមតែប្រយោជន៍សម្រាប់រាងកាយប៉ុណ្ណោះទេ វាក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ហើយប្រយទ្ធប្រឆាំងនឹងការឆ្លងមេរោគផងដែរ។

ប្រសិនបើឈឺបំពង់ក អាចប្រើប្រាស់ទឹកឃ្មុំរួមផ្សំជាមួយនឹងខ្ញី គឺជាឱសថដ៏ល្អមួយដើម្បីដោះស្រាយបញ្ហានេះ។ យកខ្ញីបន្តិចលាងទឹកឲ្យស្អាត ហើយចិញ្ជ្រាំឲ្យម៉ត់ បន្ទាប់មកយកទឹកឃ្មុំមួយស្លាបព្រាលាយបញ្ចូលគ្នា។ ចាប់ផ្តើមទទួលទឹនយឺតៗ ដើម្បីឲ្យល្បាយនេះជ្រាបចូលពេញផ្ទៃបំពង់ក។

ការប្រើប្រាស់ទឹកឃ្មុំជាមួយនឹងក្រូចឆ្មារ ក៏មានប្រសិទ្ធិភាពផងដែរ ព្រោះក្រូចឆ្មារអាចជួយសម្លាប់មេរោគបាក់តេរីក្នុងបំពង់ក ហើយទឹកឃ្មុំកាត់បន្ថយការឈឺចាប់បំពង់ក។

ពុះក្រូចឆ្មារជាពីរ ហើយច្របាច់យកទឹកដាក់ចូលទៅក្នុងកែវមួយ បន្ទាប់មកបន្ថែមទឹកឃ្មុំមួយស្លាបព្រាចូល និងកូរឲ្យរលាយចូលគ្នា។ ក្នុងរយៈពេល ៣ទៅ៤ម៉ោង អ្នកត្រូវធ្វើញ៉ាំម្តង ដើម្បីកាត់បន្ថយការឈឺចាប់បំពង់កឲ្យមានភាពឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here