នោមញឹកនៅពេលយប់ ជាសញ្ញាគ្រោះថ្នាក់ដោយសារជំងឺមួយចំនួន

0
1

សាស្ត្រាចារ្យផ្នែកវះកាត់នៅមហាវិទ្យាល័យ Maastricht ប្រទេសហូឡង់ បានព្រមាណថា ការចូលបង្គន់ញឹកញាប់ពេកនៅពេលយប់ អាចបង្កឡើយដោយសារតែជំងឺ មិនមែនជាសញ្ញានៃភាពចាស់ដូចអ្វីដែលមនុស្សមួយចំនួនបានគិតនោះទេ។

នៅពេលអ្នកក្រោកនោមញឹក អាចធ្វើឲ្យគេងមិនគ្រប់គ្រាន់ ហើយទីបំផុតអ្នកច្បាស់ជាខូចសុខភាពធ្ងន់ធ្ងរ។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍នោមញឹក គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីរកវិធីដោះស្រាយភ្លាមៗ។

ការនោមពេលយប់មិនត្រឹមតែគួរឲ្យធុញទ្រាន់ប៉ុណ្ណោះទេ វាក៏រំខាន់ដល់ការទទួលទានដំណេកផងដែរ។ ការគេងមិនគ្រប់គ្រាន់អាចផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម ប្រព័ន្ធភាពស៊ាំចុះខ្សោយ កើតជំងឺបេះដូង និងជំងឺមហារីកមួយចំនួន។

លើសពីនេះទៅទៀត វាក៏អាចបណ្តោលឲ្យមានបញ្ហាសុខភាពផ្លូវចិត្តដូចជា ថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្ត។

អ្នកជំនាញបាននិយាយថា កង្វះនៃការគេង ឬគេងមិនគ្រប់គ្រាន់ អាចប៉ះពាល់ដល់សកម្មភាពផ្លូវចិត្តទាំងអស់ ដែលធ្វើឲ្យពិបាកក្នុងការប្រមូលផ្តុំអារម្មណ៍ និងការទទួលចំណេះដឹងផ្សេងៗ។

ការនោមច្រើននៅពេលយប់ ក៏ជាសញ្ញានៃការឆ្លងមេរោគប្លោកនោម ក្រួសតម្រងនោម ខ្សោយតម្រងនោម និងក្រពេញប្រូស្តាតរីកធំចំពោះបុរស។

ទោះជាយ៉ាងណាបញ្ហាទាំងនេះអាចទប់ស្តាត់បាន ប្រសិនបើអ្នកទៅជួបគ្រូពេទ្យ នឹងធ្វើការព្យាបាលបញ្ហានោមញឹកឲ្យបានឆាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here