ជំងឺអ៊ុតស្វាយ គឺជាជំងឺឆ្លងដែលមានលក្ខណៈរាលដាលជាអាការកន្ទួលរមាស់នៅលើស្បែក គ្រុនក្តៅ ឈឺក្បាល និងក្អស្ងួត។ ដើម្បីឲ្យឆាប់ជាសះស្បើយឡើងវិញ អ្នកជំងឺត្រូវទទួលទានថ្នាំតាមវេជ្ជបញ្ជារ នៅក្នុងម្លប់ និងងូតទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែមានរឿងមួយដែលអ្នកគ្រប់គ្នាមិនទាន់ដឹង គឺរបបអាហារប្រចាំថ្ងៃមួយចំនួនរបស់យើង ក៏ជាឥទ្ធិពលធ្វើឲ្យជំងឺអ៊ុតស្វាយរីករាលដាលកាន់តែខ្លាំងឡើងដែរ។ ដូច្នេះ ខាងក្រោមនេះ ជារបបអាហារដែលអ្នកគួរតែជៀសវាងនៅពេលកើតជំងឺអ៊ុតស្វាយ៖
១.ជៀសវាងអាហារដែលមានជាតិខ្លាញ់ឆ្អែត
សាច់ និងអាហារដទៃទៀត ដែលមានជាតិខ្លាញ់ឆ្អែត ដូចជាផលិតផលទឹកដោះគោ អ្នកគួរតែជៀសវាងនៅពេលកើតជំងឺអ៊ុតស្វាយ។ អាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ អាចបណ្តោលឲ្យមានការរលាកកាន់តែខ្លាំង និងការជាសះស្បើយមានភាពយឺតយ៉ាវ។
២.ជៀសវាងក្រូចឆ្មារ
ក្រូចឆ្មារមិនសមស្របសម្រាប់អ្នកជំងឺអ៊ុតស្វាយនោះទេ ព្រោះជាតិអាស៊ីតខ្ពស់របស់វាអាចធ្វើឲ្យរលាកដំបៅក្រពះ មានការឈឺជាប់ធ្ងន់ធ្ងរ និងពន្យារពេលជាសះស្បើយនៃជំងឺ។
៣.អាហារហិរ និងប្រៃ
អាហារដែលហិរ និងប្រៃ អាចបណ្តោលឲ្យមានបញ្ហាដំបៅមាត់ និងបំពង់ក ហើយអ្នកគួរតែជៀសវាងនៅពេលដែលអ្នកមានជំងឺអ៊ុតស្វាយ ព្រោះវាអាចបង្កឲ្យជំងឺរីករាលដាលលឿន មិនងាយជា។
៤.អាហារកែច្នៃ
អាហារកែច្នៃមានជាតិខ្លាញ់ច្រើន ដែលពិបាកក្នុងការស្រូបយក និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ទន្ទឹមនឹងនេះផងដែរ ខ្លាញ់នៅក្នុងអាហារកែច្នៃ អាចបង្កើការរលាក ហើយវាអាចប៉ះពាល់ដល់អ្នកមានជំងឺអ៊ុតស្វាយ។
អាស្រ័យហេតុនេះ គ្រប់ប្រភេទនៃអាហារកែច្នៃ អ្នកត្រូវជៀសវាងទាំងស្រុង ដើម្បីឲ្យជំងឺឆាប់ជាសះស្បើយឡើងវិញ៕