ត្រយ៉ូងចេក ត្រូវបានគេចាត់ទុកជាបន្លែមួយប្រភេទដែលគេនិយមប្រើសម្រាប់ផ្សំជាល្បើយនំបញ្ចុក ស្ងោរចុចប្រហុក ញាំ ឬផ្សំនៅក្នុងអាហារផ្សេងៗទៀត។ ទន្ទឹមនឹងធ្វើជាអាហារសម្រាប់ទទួលទាន ត្រយ៉ូងចេក ក៏ត្រូវបានគេរកឃើញថា ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្បើមសម្រាប់សុខភាពផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួននៃការទទួលទានត្រយ៉ូងចេក៖
ព្យាបាលជំងឺខ្វះឈាម
ត្រយ៉ូងចេក សម្បូរទៅដោយជាតិដែក ដែលរាងកាយត្រូវការជាចាំបាច់ដើម្បីរក្សាកោសិកាឈាមឲ្យមានសុខភាពល្អ។ ដូច្នះ ត្រយ៉ូងចេក អាចជួយជំរុញដល់ការផលិតកោសិកាឈាមក្រហម មិនឲ្យរាងកាយកើតជំងឺស្លេកស្លាំងឡើយ។
ព្យាបាលរដូវមិនទៀង
ការទទួលទានត្រយ៉ូងចេកជាប្រចាំ អាចកាត់បន្ថយបញ្ហារដូវមិនទៀង ការហូរឈាមធ្ងន់ធ្ងរ និងការឈឺចាប់អាងត្រគាកអំឡុងពេលមករដូវ។
បង្កើនសមត្ថភាពផលិតទឹកដោះ
សារធាតុចិញ្ចឹមមួយចំនួននៅក្នុងត្រយ៉ូងចេក អាចជួយជំរុញដល់ការផលិតទឹកដោះ របស់ស្ត្រីកំពុងបំបៅដោះកូនបានកាន់តែច្រើន។
ជួយព្យាបាលជំងឺទឹកនោមផ្អែម
ការសិក្សាបានបង្ហាញថា ត្រយ៉ូងចេក មានសមត្ថភាពក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមយ៉ាងខ្លាំង ដូច្នេះការទទួលទានត្រយ៉ូងចេក អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
កែលម្អសុខភាពស្បូន
ដោយសារតែ ត្រយ៉ូងចេក មានសារធាតុចិញ្ចឹមដូចជា ជាតិដែក កាល់ស្យូម និងទង់ដែង ធ្វើឲ្យវាអាចជួយពង្រឹងជញ្ជាំងស្បូន និងបង្ការការឆ្លងមេរោគស្បូន ដោយធ្វើឲ្យស្បូនមានសុខភាពបន្តពូជកាន់តែប្រសើរឡើង។
កាត់បន្ថយការទល់លាមក
ដោយសារតែ ត្រយ៉ូងចេក មានជាតិសរសៃខ្ពស់ វាអាចធ្វើឲ្យប្រសើរឡើងនូវចលនារបស់ពោះវៀន ធ្វើឲ្យកាកសំណល់ងាយឆ្លងកាត់ពោះវៀន កាត់បន្ថយការទល់លាមក និងជំងឺឬសដូងបាត។
កាត់បន្ថយការរលាក និងការឆ្លងមេរោគ
ត្រយ៉ូងចេក មានគុណសម្បត្តិប្រឆាំងនឹងបាក់តេរី ព្រមទាំងប្រឆាំងនឹងការរលាក ដូច្នេះពួកវាអាចកាត់បន្ថយស្ថានភាពដំបៅក្រពះ រលាកសន្លាក់ និងជំងឺផ្សិត។ វាក៏អាចជួយកាត់បន្ថយការរលាក និងការឆ្លងមេរោគនៅក្នុងរាងកាយផងដែរ៕